ជនសង្ស័យជាឃាតករដែលចាក់សម្លាប់បុរសម្ចាស់ផ្ទះលក់គ្រឿង បន្លាស់រថយន្តនៅសៀមរាបចាប់បានហើយ

0

សៀមរាប៖ ជនសង្ស័យជាឃាតករដែលចាក់សម្លាប់បុរសម្ចាស់ផ្ទះថៅកែលក់គ្រឿងបន្លាស់រថយន្ត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី២៥ខែមេសា២០១៨ នៅចំណុចក្បែររង្វង់មូលភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង។
មន្ត្រីសមត្ថកិច្ចបានបង្ហើបអោយដឹងថា ក្នុងខណ:នេះកំពុងសាកសួរនៅឡើយ ពុំអាចទាន់ផ្តល់ព័ត៍មានជាក់លាក់នោះទេ។ តែជនរូបនេះមានឈ្មោះព្រហ្ម សុព្រឹក្ស ហៅថាន ភេទប្រុសឆ្នាំកំណើត១៩៩០ មានទីលំនៅភូមិចាន់ស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជននេះមានមុខរបរ គួជេរដី(ជំនួញដីធ្លី)។ ប៉ុន្តែ សមត្ថកិច្ច នៅមិនទាន់បង្ហាញថា ការចាក់សម្លាប់ជនរងគ្រោះ ពីសំណាក់ជនរូបនេះផ្តើមចេញពីអ្វីនោះទេ។
សូមបញ្ជាក់ថា បុរស់ម្ចាស់អាជីវកម្មលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតករចាក់សម្លាប់ដោយកាំបិតចុងស្រួច នាអំឡុងម៉ោងជាង9យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោងជាង៧ព្រឹកថ្ងៃទី២៤ខែ មេសា។
ជនរងគ្រោះមាន ឈ្មោះពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុ ស្ថិតក្នុងភូមិគ្រួសសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចខាងត្បូងស្តុបសាលារៀនគ្រួស។ ក្រោយធ្វើសកម្មភាព ឃាតករបានរត់គេចខ្លួនបាត់ ។ ករណីនេះសមត្ថកិច្ចអះអាងថា ជាអំពើឃាតកម្ម ប្លន់សម្លាប់។
ជាមួយគ្នានោះសមត្ថកិច្ចក៏បាននាំខ្លួន បុរសម្នាក់ដែលជាកម្មករបំរើការនៅផ្ទះខាងលើ យកទៅសាកសួរផងដែរ ដែលមានឈ្មោះលឿ ភិរ៉ូ ឆ្នាំកំណើត១៩៨៣ មានទីលំនៅភូមិធិបតី ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៏នោះបានឲ្យដឹងថា ជនរងគ្រោះត្រូវឃាតករចាក់១កាំបិត ចុងស្រួចចំបំពង់កស្លាប់តែម្តង។ តែនៅមិនទាន់សន្និដ្ឋានបានថា ឃាតករអាចមានគ្នាប៉ុន្មាន់នាក់នោះឡើយ។ ក្នុងពេលពិនិត្យកន្លែងកើតហេតុ ឃើញមានស្នាមគាស់ថតតុ២ទៅបីកន្លែង ដែលទំនងជាគាស់យកទ្រព្យសម្បត្តិ។ ប៉ុន្តែសមត្ថកិច្ចរកឃើញលុយ ប្រមាណជាងមួយលានរៀល នៅក្នុងថតតុដែលមិនបានគាស់។ ប្រភពបន្តថា អំពើឃាតកម្មខាងលើ ហាក់បីដូចជាមានការរៀបគំរោងទុក ពីព្រោះកាមេរ៉ាសុវត្ថិភាពត្រូវបានដោះចេញជាមុន ឯទូរសព្ទ័ដៃរបស់ជនរងគ្រោះ ក៏ត្រូវឃាតករយកទៅបាត់ផងដែរ។
អ្នករស់នៅក្បែរខាងបាននិយាយថា នៅមុនពេលមានការភ្ញាក់ផ្អើល គេឃើញបុរសដែលជាកម្មករបំរើការនៅផ្ទះកើតហេតុ មកឈរនៅមុខផ្ទះរងចាំថៅកែបើកទ្វារដូចសប្តិមួយដង។ លុះពេលឃើញទ្វារចំហរបុរសខាងលើ ក៏បានចូលទៅក្នុងផ្ទះហើយឃើញថៅកែរបស់ខ្លួន ត្រូវគេសម្លាប់ ទើបរូបគាត់រត់ស្រែកចេញមកវិញឲ្យគេជួយ ហើយក៏មានការឆោឡោតែម្តង ព័ត័មានលំអិត ក្រោយសមត្ថកិច្ចផ្តល់ព័ត៍មានជាក់លាក់៕