យុវជនឈាមរាវខឹងម្តាយស្តីបន្តោសរឿងជិះម៉ូតូដួល ក៏សង្ងំក្នុងបន្ទប់ចង់កសម្លាប់ខ្លួន

0

ខេត្តកំពង់ធំៈ មិនទាន់សងគុណឳពុក ម្តាយផង បែរជាធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយសារម្តាយស្តី​បន្តោសបន្តិចបន្តួច នៅក្នុងបន្ទប់ ដែលបង្ករឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ដោយសារតែមិននឹកស្មាន ដល់ថាមានហេតុការណ៍ ដល់សម្លាប់ខ្លួនទៅវិញ។

ករណីជនរងគ្រោះធ្វើអត្តឃាតចងក សម្លាប់ខ្លួនបានកើតឡើង នៅថ្ងៃទី២៦ខែមេសាឆ្នាំ ២០១៨វេលាម៉ោង១៦និង ១៥នាទីនៅចំណុចក្នុងបន្ទប់ផ្ទះខ្លួនផ្ទាល់ ស្ថិតនៅក្នុងភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ សាកសពមានឈ្មោះ កៀត ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរនៅរៀន

បងស្រីសយ ផល​ ភេទស្រីអាយុ ៥៦ឆ្នាំត្រូវជាម្តាយបង្កើត បានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយបាន​ឃើញមុខមាតើកូនប្រុសមានស្នាមរបួស ក៏សួរនាំទើបដឹងថា ជាករណីដួលម៉ូតូដោយសារបុកឆ្កែ ហើយក៏​បានស្តីបន្តោសតិចតួច ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ក្នុងការបើបរម៉ូតូទៅថ្ងៃក្រោយ ចំណែកកូន បានចូលសម្ងំនៅក្នុងបន្ទប់ ក្រោយមកមិនឃើញចេញមកក្រៅ ម្តាយបានគោះទ្វាចូលទៅ ក៏ប្រទះកូនបានចងកនិងក្រមាភ្ជាប់និងដែកដំបូលបានដាច់ខ្យល់ស្លាប់បាត់ហើយ។

ក្រោយពីកើតហេតុ លោក វរសេនី៍យ៍ឯក ចាក ច័ន្ទរ៉េត  សមត្ថកិច្ចនគរបាលជំនាញ នៃអធិការស្រុកសន្ទុក បានចុះពិនិត្យធ្វើ កោសល្យវិច្ឆ័យ  ហើយបានកំណត់ថា នេះជាករណីធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដ​មែន ក្រោយពិនិត្យចប់បានប្រគល់សពជូនគ្រួសារធ្វេីបុណ្យតាមប្រពៃណី។ ដោយ  ប៊ុន  រដ្ឋា