កាំកុងត្រូលបន្ទាយមានជ័យដកហូតទំនិញខូចគុណភាពជាច្រើនមុខពីផ្សារកូនដំរី

0

កាំកុងត្រូលបន្ទាយមានជ័យដកហូតទំនិញខូចគុណភាពជាច្រើនមុខពីផ្សារកូនដំរ

បន្ទាយមានជ័យ ៖ ទំនិញខូចគុណភាព ជាច្រើនមុខ ត្រូវបានមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្វើការដកហូតពីតាមបណ្តាតូបលក់ដូរ និងស្តាម៉ាត នៃផ្សារកូនដំរី ស្ថិតក្នុងសង្កាត់កូនដំរី ក្រុងប៉ោយប៉ែត ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីធានានូវគុណភាពទំនិញ និងចំណីអាហារ តាមបណ្តាទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាការទប់ស្កាត់ ការចរាចរណ៍ទំនិញ ផលិតផលចំណីអាហារ គ្មានគុណភាព គ្មានសុវត្ថិភាព អាចបង្កប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ លោកបានដឹកនាំមន្ត្រីជំនាញរបស់លោក សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការចុះពិនិត្យ ការដាក់តាំងលក់ទំនិញ និងចំណីអាហារ របស់បងប្អូនអាជីវករលក់ដូរតាមតូប និងស្តាម៉ាត ក្នុងនិងក្បែរផ្សាកូនដំរី នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកថា ជាលទ្ធផល មន្ត្រីជំនាញរបស់លោក បានរកឃើញ និង ដកហូតទំនិញហួសសុពលភាពជាច្រើនមុខដូចជា ៖ ទឹកក្រូចដបតូច-ធំ នំកំប៉ុង នំកញ្ចប់ ស្ករគ្រាប់ ទឹកដោះគោដបជ័រ-ក្រដាស់ ភេសជ្ជៈស្ពនស័រ ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ សរុបទាំងអស់ចំនួន៥០០គីឡូក្រាម ។

ជាមួយនឹងការចុះត្រួតពិនិត្យគុណភាពទំនិញនេះ លោក សាន វិជ្ជាសារ៉ាវុធ បានណែនាំអាជីវករលក់ដូរ ឲ្យចេះនិងយល់ពីរបៀបនៃការរៀបចំទំនិញលក់ដូរ ដើម្បីរក្សាទាំងគុណភាពទំនិញ ព្រោះមានទំបិញខ្លះប្រសិនបើទុកដាក់មិនត្រឹមត្រូវគឺវានឹងខូចគុណភាពមុនថ្ងៃកំណត់ដែលបានវាយលើទំនិញ និងងាយក្នុងការលក់ដូរ ជាពិសេសត្រូវឧស្សាត្រួតពិនិត្យសុពលភាពទំនិញ ៕ អពៅ