ប្រជាពលរដ្ឋ ៦នាក់ ពុលផ្សិតក្នុងព្រៃ នៅខេត្តព្រះវិហារ ដេកពេទ្យ១គ្រួសារ!

0

ព្រះវិហារ៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានសមាជិកចំនួន៦នាក់ បានរងនូវការពុលក្អួតចង្អោរទាំងអស់គ្នា បន្ទាត់ពីបានបរិភោកផ្សិតក្ងោក ដែលរកបានពីក្នុងព្រៃ បន្ទាប់ពីឃើញហេតុការណ៍ដូចនេះ ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើយោងតាមលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសាររងគ្រោះខាងលើ បានចំអិនផ្សិតក្ងោក ដែលរកបានពីក្នុងព្រៃ យកមកបរិភោគជុំគ្នា ក្រោយពីបរិភោគ បានរយៈពេលប្រហែល១ម៉ោង ស្រាប់តែមានអាការៈវិលមុខ និងក្អួតចង្អោរទាំងអស់គ្នា ឃើញអាការៈបែបនេះប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានបញ្ជូនមកធ្វើការសង្រ្គោះនៅមណ្ឌលសុខភាពសែនជ័យ។

លោក គួង ឡូ បានបន្តថា ក្នុងចំណោមសមាជិកគ្រួសារទាំង៦នាក់ ដែលពុលផ្សិតនោះគឺមានម្នាក់ដែលពុលខ្លាំងជាង ប៉ុន្តែក្រោយពីការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ សមាជិកគ្រួសាររងគ្រោះទាំងនោះ មានអាការៈធូរស្រាលវិញហើយ។លោកបានបន្តទៀតថា ផ្អែកតាមការសាកសួរក្រុមគ្រួសាររងគ្រោះ បាននិយាយថា ពួកគាត់មិនបានហូបអ្វីក្រៅពីផ្សិតនេះឡើយ ហើយផ្សិតដែលពួកគាត់ហូបនោះឈ្មោះថាផ្សិតគីង្គក់។ យោងតាមករណីនេះហើយ ទើបមន្ទីរជំនាញធ្វើការសន្និដ្ឋានថា ពួកគាត់គឺពុលផ្សិតពិតប្រាកដមែន ហើយលោកគួង ឡូ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នពីសុខភាព ហូបអារហារឬហូបទឹកត្រូវមានការប្រុងប្រយ័ត្ន ត្រូវធ្វើអារហារឱ្យឆ្អិនល្អ ទឹកដាំពុះឱ្យល្អ អ្វីដែលស្គាល់មិនច្បាស់សូមកុំហូប ជាពិសេសផ្សិត និងស្រាស៕