អ្នកបើកបរ​ និង​ព្រូ​រថយន្ត​ ចំនួន​៣៦នាក់​ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​​ឃាត់ខ្លួន​ ខណៈ​ដែល​បើកបរ​រថយន្ត​ទាំង​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​

0

កំពង់ចាម​:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨នេះ​ បាន​ចុះណែនាំដល់អ្នកបើកបរ​ រថយន្តដឹកទំនិញ​ ដែលមាន​ផ្ទុក​សារធាតុញៀន​ចំនួន​៣៦នាក់​ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ បន្ទាប់​ពី​ជន​ទាំង​នោះ​ បានប្រើប្រាស់​គ្រឿងញៀន​ ពេល​​បើកបរ​រថយន្ត​តាម​ដងផ្លូវ​​ ហើយ​ត្រូវ​​សមត្ថកិច្ច​ ឃាត់ខ្លួន​ជាបន្តបន្ទាប់​ កាល​ពី​ថ្ងៃទី​១៣-១៤​ខែ​ឧសភា​ ឆ្នាំ​២០១៨។
ស្នងការនគរបាលខេត្ត​កំពង់ចាម​ ឧត្តមសេនីយ៍​ទោ​ ឯម​ កុសល​ បាន​ឲ្យដឹងថា​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការស្លាប់​បាត់បង់​ជីវិត​ និង​របួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្កឡើង​ដោយ​រថយន្ត​ធំៗ​តាម​ដងផ្លូវ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​​ រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ទាំង​ពេល​យប់​ និង​ពេល​ថ្ងៃ​ ត្រូវ​ពិនិត្យ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ លើ​អ្នក​បើកបរ​រថយន្ត​ធំៗ​ ទាំង​ព្រូ​ និង​កម្មករ​រថយន្ត​ផងដែរ​។
លោក​ស្នងការ​បាន​បន្តថា​ ចំពោះ​ប្រតិបត្តិការ​ណ៍​រយៈពេល​២ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​១៣-១៤​ ខែ​ឧសភា​ នេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​រថយន្ត​ចំនួន​​១៨៧គ្រឿង​ ក្នុងនោះ​សមត្ថកិច្ច​ធ្វើ​តេស្ត​រក​ឃើញ​ និង​ឃាត់ខ្លួន​​អ្នក​មាន​ផ្ទុក​សារធាតុ​ញៀន​ចំនួន​៣៦​នាក់​ ក្នុង​នោះ​អ្នក​បើកបរ​រថយន្ត​១៥​នាក់​ និង​២១នាក់​ទៀត​ជា​កម្មករ​ និង​ព្រូ​រថយន្ត​​។
លោក​ស្នងការ​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​រក​ឃើញ​សារធាតុ​ញៀន​ លើ​អ្នក​បើកបរ​ និង​ព្រូ​រថយន្ត​​ទាំងនោះ​ លោក​អភិបាល​ខេត្ត​ និង​លោក​ព្រះរាជអាជ្ញា​ នៅ​មិន​ទាន់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​នៅឡើយទេ​ ពោល​គឺ​គ្រាន់​តែ​ធ្វើ​ការ​អប់រំ​ប៉ុណ្ណោះ​ ប៉ុន្តែបើ​អ្នក​ទាំងនោះ​មិន​ព្រម​​រាងចាល​ទេ​ នៅ​តែ​ប្រព្រឹត្ត​បន្ត​ទៀត​នោះ​ គឺអាជ្ញាធរ​នឹង​ចាត់​វិធានការ​ក្ដៅ​ ដោយ​មិនមានការ​លើកលែង​ឡើយ​។
ហើយ​ឯកឧត្តម​ អភិបាល​ខេត្ត​​ ក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ​ ឲ្យ​បាន​យល់ដឹង​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​​ និង​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ ឲ្យ​ទៅ​ទទួល​សេវា​ផ្តាច់​ និង​ព្យាបាល​គ្រឿងញៀន​ នៅ​តាម​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​បង្អែក​ ក្នុង​មូលដ្ឋាន​របស់​ខ្លួនផងដែរ​ ៕