អភិបាលខេត្តរតនគិរី អំពាវនាវដល់ប្រជាពលរដ្ឋ អោយបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពចំណីអាហារ

0

ខេត្តរតនគិរី÷ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត អោយបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពចំណីអាហារ ជាពិសេសចំពោះការប្រើប្រាស់ទឹកមិនស្អាត និងពុំមានសុវត្ថិភាព ដូចជាទឹកទន្លេ បឹង អូរ ស្ទឹង ព្រែក ។ល។

ការអំពាវនាវដូចនេះរបស់ លោក ថង សាវុន គឺបានធ្វើឡើងស្របពេលដែលបណ្តាខេត្តមួយចំនួន ក្នុងតំបន់ភូមិភាគឥសាន្ត ដែលមានដូចជាខេត្តក្រចេះ និងខេត្តមណ្ឌលគិរី កាលពីថ្មីៗនេះ បានកើតឡើងនូវបញ្ហាមួយចំនួនមកពីបញ្ហាការប្រើប្រាស់ទឹកពុំស្អាត និងពុំមានសុវត្ថិភាព ដែលបណ្តាលអោយជនរងគ្រោះស្លាប់ និងធ្លាក់ខ្លួនឈឺ ជាច្រើននាក់ ។

ទន្ទឹមហ្នឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំង ៩ ស្រុក – ក្រុង អោយពិនិត្យតាមដាន និងបង្កើនការផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ ជាពិសេសចំពោះការប្រើប្រាស់ទឹកស្អាត និងមានសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់យល់កាន់តែច្បាស់អំពីសុវត្ថិភាពចំណីអាហារ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងអនាម័យល្អ ។

គួរបញ្ជាក់ថា បន្ទាប់ពីមានករណីប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បានពុលទឹក និងស្រាស រហូតដល់ស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ហើយនោះ ដូច្នេះដើម្បីជៀសផុតពីបញ្ហាខាងលើនេះ រដ្ឋបាលសាលាខេត្តរតនគិរី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ជាពិសេសអ្នកដែលមានមូលដ្ឋាន និងកំពុងប្រើប្រាស់ទឹកបឹង ទន្លេ ព្រែក អូរ ស្ទឹង នានាទូទាំងខេត្ត សូមមេត្តាមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក និងសូមបញ្ឈប់ជាបន្ទាន់នូវការបរិភោគទឹក និងចំណីអាហារណាដែលមិនមានអនាម័យ ។

នៅក្នុងសេចក្តីអំពាវនាវរបស់រដ្ឋបាលសាលាខេត្តរតនគិរី ដែលបានធ្វើការប្រកាសផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅថ្មីៗនេះ បានអោយដឹងទៀតថា ដើម្បីធានាបាននូវសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋអនុវត្តនូវប្រការមួយចំនួនអោយបានខ្ជាប់ខ្ជួនដូចជា អនុវត្តអនាម័យល្អ រស់នៅស្អាត ជាពិសេសប្រើប្រាស់ទឹកស្អាត និងទឹកឆ្អិនជានិច្ច ។ ដោយកុំបរិភោគ រឺប្រើប្រាស់ទឹកមិនស្អាតសម្រាប់ចម្អិនអាហារ ដូចជាទឹកអូរ ព្រែក បឹងជាដើម ដែលអាចមានលំហូរសារជាតុពុល កើតចេញពីការប្រើប្រាស់ថ្នាំសម្រាប់សម្លាប់សត្វល្អិត រឺថ្នាំបាញ់សម្លាប់ស្មៅចូល ។

ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ទៀតថា កុំពិសារស្រាដែលមានប្រភពច្បាស់លាស់ រឺផលិតមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ រឺក៏បើមានបញ្ហាសុខភាព រឺក៏ហេតុការអ្វីមួយត្រូវស្វែងការពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព រឺក៏មន្ទីរពេទ្យបង្អែកណាមួយដែលមានមូលដ្ឋានក្បែរផ្ទះ ។

នៅក្នុងសេចក្តីប្រកាសនោះទៀតដែរ ក៏បានហាមឃាត់ទៅម្ចាស់សហគ្រាស រោងចក្រ រឺក៏សាធារណជន មិនត្រូវបង្ហូរចោលកាកសំណល់ រឺសារធាតុគីមី ចូលទៅក្នុងប្រភពទឹកបឹង ទន្លេ ព្រែក អូរ ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់ឡើយ ៕ យក្ខឡោម