ហ៊ីយ៉ាន់ដាយ​ចុះ​ពីលើ​ស្ពាន​គីហ្សូណា​ បុក​រះ​ត្រូវ​រង្វង់​មូល​ រថយន្ត៣គ្រឿង​​ និង​ម៉ូតូ​២គ្រឿង​​ បណ្តាល​ឲ្យ​មនុស្ស​៤នាក់​ ​រងរបួសធ្ងន់-ស្រាល​ ឃាត់អ្នកបើករកឃើញថ្នាំញៀន៣កញ្ចប់

0

កំពង់ចាម​:​ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​១គ្រឿង​ ដឹកដើមដំឡូងមី​ពេញ​ ចុះ​ពីលើ​ស្ពាន​គីហ្សូណា​ សង្ស័យ​ដាច់​ហ្វ្រាំង​ បានបុករះរង្វង់មូល រថយន្ត៣គ្រឿង​ និងម៉ូតូ​២គ្រឿង​ បណ្តាលឲ្យមនុស្ស៤នាក់​ រងរបួសធ្ងន់-ស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍​ដ៏​រន្ធត់នេះ បានកើតមានឡើង​ កាលពី​វេលាម៉ោង៦​និង​២៤នាទី​ ព្រលប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិត​ក្នុងភូមិទី៣ សង្កាត់វាលវង្ស ក្រុងកំពង់ចាម។
សមត្ថកិច្ច​នគរបាល​​បានឲ្យដឹងថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បាន​បង្កឡើងដោយរថយន្តម៉ាកហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3812 បើកបរដោយឈ្មោះ លី គឹមលន់ ភេទប្រុស​ អាយុ២៩ឆ្នាំ​(រងរបួសស្រាល​)​ នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកចុះពីលើស្ពានគីហ្ស៊ូណា​ ក្នុង​ទិសដៅ​ពីកើតទៅលិច សង្ស័យ​ដាច់ហ្វាំង​ ក៏ជ្រុលទៅបុករះរង្វង់មូលគល់ស្ពាន រួច​បន្ត​ទៅ​បុក រថយន្ត១គ្រឿង​ ម៉ាកសាំយ៉ុង ពណ៌លឿង ស្លាកលេខភ្នំពេញ 2AJ-7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ភេទប្រុស​ អាយុ៣០ឆ្នាំ(រងរបួសស្រាល​) នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម បើកពីលិចទៅកើត និងបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ស្ទឹងត្រែង 1A-2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ២៦ឆ្នាំ(រងរបួសធ្ងន់​)​ នៅភូមិ ស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នកជិះពីក្រោយឈ្មោះ ហ៊ន់ គា ភេទស្រី​ អាយុ២៤ឆ្នាំ(រងរបួសស្រាល​)នៅភូមិ ឃុំជាមួយគ្នា។
សមត្ថកិច្ច​នគរបាលបាន​បញ្ជាក់​ថា បន្ទាប់ពី​បុករង្វង់មូល រថយន្ត និងម៉ូតូ​ខាងលើរូច ក៏បាន​ជ្រុលទៅបុក​បន្ត​ជាមួយ​រថយន្ត​២គ្រឿង​ទៀត​ ម៉ាក​ហាយឡែនឌ័រ​ និង​ម៉ាក​តូយូតា​ ដែល​រងការ​ខូចខាត​តិចតួច​ ម្ចាស់​គេ​មិន​រវល់​យក​ក្តី​ ក្នុងនោះ​ក៏​មាន​បុក​ម៉ូតូ​១គ្រឿង​ទៀត​ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចន សេរី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម (មិនរងបួសទេ)។
ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ រងរបួស​ធ្ងន់​ និង​៣នាក់​រងរបួស​ស្រាល​ ខូចខាត​រថយន្ត​៤គ្រឿង​ និង​ម៉ូតូ​២គ្រឿង​។
ចំពោះមូលហេតុ​ ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើនេះ​ គេ​សង្ស័យ​ថា​មក​ពី​រថយន្ដ​ហ៊ីយ៉ាន់ដាយ​ បើក​ចុះ​ពីលើ​ស្ពាន​គីហ្សូណា​ហើយ​ដាច់​ហ្វ្រាំង​។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់​ខ្លួន​អ្នកបើកបររថយន្ត​ ឆែកឆេរ​រកឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច ក្នុងរថយន្តផងដែរ ។
បច្ចុប្បន្ន​ ករណី​នេះ​ សមត្ថកិច្ចជំនាញកំពុង​ធ្វើ​ការ​សាកសួរ​អ្នក​បើកបរ​រថយន្ត​បង្ក​ ដើម្បី​កសាងសុំណុំរឿងតាមនីតិវិធី​ច្បាប់​ ៕