ប្រជាពលរដ្ឋ និងគរុសិស្សប្រមាណជិត៨០០នាក់ ស្ម័គ្រចិត្តចូលជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា

0

ខេត្តកំពង់ធំៈ ដោយមានការជឿទុកចិត្ត និងភាពជឿជាក់នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូន ដែលជាសមាជិកគណបក្សប្រជាជនថ្មី មកពីគណបក្សផ្សេង និងគរុសិស្សសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ បានសម្រេចយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបើកទ្វារជានិច្ចស្វាគមន៍ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យមានការអភិវឌ្ឍន៍ កាន់តែរីកចំរើនថែមទៀត។
ឯកឧត្តម បានសម្តែងនូវការស្វាគមន៍ យ៉ាងដូច្នេះ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៦៦៥នាក់ នៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ដែលមកពីអតីតសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន ៥៣២នាក់ គណបក្សហ្វ៊ុនសិនប៉ិច ចំនួន ២៩នាក់ និងគណបក្សផ្សេងទៀត ចំនួន ២២នាក់ និងគរុសិស្សសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ ចំនួន ៨៥នាក់ សរុបទាំងអស់ ចំនួន ៧៥០នាក់។
ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមក្មួយៗជាគរុសិស្ស ដែលត្រៀមខ្លួនក្លាយជាលោកគ្រូ អ្នកគ្រូ សូមក្មួយៗ ខិតខំរៀនសូត្រ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីលោកគ្រូ អ្នកគ្រូ ក្នុងការជួយបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយបន្ថែមទៀត។ ជាមួយគ្នានេះដែរ ក្មួយៗត្រូវខិតខំរៀនសូត្របន្តយកសញ្ញាប័ត្របរិញ្ញាប័ត្រ រៀនភាសារបរទេស បច្ចេកទសកុំព្យូទ័រឲ្យបានស្ទាត់ជំនាញ់ ដែលអាចយកទៅប្រើប្រាស់បាន ហើយការដែលក្មួយរៀនសូត្រទៅបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមដឹកនាំនយោបាយឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ធំ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាបងប្អូន ខ្មែរតែមួយ សាច់ឈាមតែមួយ ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគុណបំណាច់របស់បងប្អូន ក្មួយៗគរុសិស្ស ចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
ចុងក្រោយ ឯកឧត្តម សុខ លូ បានផ្ញើរដល់បងប្អូនសមាជិកចាស់ សមាជិកថ្មី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវត្តាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ អោយបានយូរអង្វែង សម្រាប់អនាគត់កូនចៅយើងបន្តទៅទៀត៕ដោយ ប៊ុន រដ្ឋា