ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជាំក្សាន្ត មិនត្រូវអង្គុយធ្វើជាមន្ត្រីជើង១០នោះទេ ចុះដល់ខ្នងផ្ទះសមាជិកខ្លួនរស់នៅ ក្តាប់អោយបានរាល់ការប្រឈម និងបញ្ហា ការលំបាក ដែលពួកគាត់ជួបប្រទះប្រចាំថ្ងៃ!

0

(ព្រះវិហារ): ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងថា “ប្រធានក្រុមបក្សទាំងអស់ ក្នុងស្រុកជាំក្សាន្ត ត្រូវចុះអោយដល់មូលដ្ឋានខ្នងផ្ទះ ដែលសមាជិក សមាជិកាខ្លួនរស់នៅ ហើយក្តាប់អោយបានរាល់ការប្រឈម និងបញ្ហា ការលំបាកមួយចំនួន ដែលពួកគាត់ជួបប្រទះប្រចាំថ្ងៃ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ អោយបានទាន់ពេលវេលា ហើយអ្វីដែលយើងបានសន្យាកន្លងមក គឺត្រូវតែធ្វើអោយបានរួចរាល់ ដោយមិនត្រូវអង្គុយធ្វើជាមន្ត្រីជើង១០នោះទេ”។

ប្រសាសន៍ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលបញ្ចូលប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំកន្ទួត នាព្រឹកថ្ងៃទី១៩ ចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណបក្ស ប្រជាជនឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំទាំង៨ និងសមាជិក សមាជិកាបក្សសរុប៣៦០នាក់។

ក្រោយពីបានស្តាប់អំពីបញ្ហា ក៏ដូចជាការប្រឈមប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាបក្ស ក្នុងភូមិទាំង៨ ព្រមជាមួយនិងការលើកឡើង របស់លោក មូល ម៉ាប់ ប្រធានគណបក្សឃុំ បានបញ្ចប់ ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក បានថ្លែងជម្រុញបន្ថែមថា “ទាំងឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំទាំង៨ និងក្រុមការងារចុះជួយតាមបណ្តាភូមិ រួមជាមួយប្រធានក្រុមបក្សភូមិ បក្សឃុំ បក្សស្រុក ត្រូវដឹកដៃគ្នាស្វែងយល់អោយដល់លំនៅដ្ឋានប្រជាពលរដ្ឋ ធ្វើយ៉ាងណាត្រូវគ្រប់គ្រងសមាជិក ដែលខ្លួនគ្រប់គ្រងអោយបានល្អ”។ បន្តរកអោយឃើញ នូវសមាជិកពិតប្រាកដ ដើម្បីផ្ទាងផ្ទាត់ការចុះបញ្ជីឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋាន ទាំងប្រជាពលរដ្ឋចំណាក់ស្រុក យុវជន សិស្ស និស្សិត ដើម្បីពង្រីកនូវសមាជិកចាស់។

ជាមួយគ្នានោះ ឯកឧត្តម ស្រី ឌឹកប្រធានក្រុមការងារ បានឧបត្ថម្ភនូវថវិការ ជូនដល់បងប្អូនសមាជិក សមាជិកា ដែលអញ្ជើញមកពីភូមិទាំង៨ ក្នុងឃុំកន្ទួត ចំនួន៣២០នាក់ ដោយក្នុងម្នាក់ថវិការ១មុឺនរៀលផងដែរ៕សួនលីណា