គេហដ្ឋាន​គ្រួសារ​អតីតយុទ្ឋជន​ពលី​ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ដោយសារ​(បន្ទះសូឡា)

0

កំពង់ធំៈឧត្តមសេនីយ៍ សោម ស៊ុន ចុះសួរសុខទុក្ខ គ្រួសាររបស់អតីតយុទ្ធជន ដែលកំពុងតែជួបនូវវិបិត្ត យ៉ាងធ្ងន់ធ្ងរ ខណៈស្រ្តីមេម៉ាយនិងកូន៦នាក់ អង្គុយយំសោកបោកខ្លួន ដោយសារតែខំសន្សំលុយ​ជាច្រើន​ឆ្នាំ ស៊ីអត់ ស៊ីឃ្លាន សាងសង់ផ្ទះមួយខ្នង ក្រោយពីស្វាមីដែលជា​អតីតយុទ្ឋជន​ពលី បានមរណះភាពចោល​ទៅ តែត្រូវបានរលាយក្នុងមួយប៉ព្រិចភ្នែក ដោយសារការឆ្លងចរន្តអគ្គិសនី ពីបន្ទះសូឡា ដែលបានដាក់ជាប់​លើដំបូង​ផ្ទះ បានធ្វើឲ្យគ្រួសារនេះបាត់បង់ទ្រព្យសម្បត្តិទាំងអស់ បន្សល់នៅត្រឹមតែខោអាវមួយចង្កេះ។

លោក​ស្រី​ ហែម​ សាវុធ​ អាយុ​៤២​ ឆ្នាំ​ ជាភរិយា​អតីតយុទ្ឋជន​ពលី​​ លោក​ជៀប​ ហុកគៀន​ កន្លងមកធ្លាប់បំរើ ជាប្រធានកងអនុសេនាធំលេខ២​វរសេនាតូច​លេខ​៥៥​ ក្រោយ​មកជាអនុប្រធានយោវរសេនាតូចលេខ៦​ នៃ​យោធា​ខេត្ត​កំពង់ធំ​ ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ ក្រោយពីលោក បានមរណះភាពនៅ​ឆ្នាំ​២០០១ទៅ បានបន្សល់​ទុក​ភរិយា​ និងកូន៦​ នាក់​នៅក្នុង​បន្ទុកជាស្ត្រី​មេម៉ាយ និងបាន​ប្រកបរបរ​ធ្វើ​ស្រែ​ផង​  ធ្វើ​ជា​កម្មករ​ផង​សន្សំ​ប្រាក់​បាន​សាង​សង់​ផ្ទះ​មួយ​ខ្នង​ ដែលមានទំហំ ផ្ទះ​ទំហំ​៨ម៉ែត្រ​x​ ១២​ម៉ែត្រ សម្រាប់នាំកូនរស់នៅ ភូមិ​កំពង់​គោ​លើ​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​  ។​

តែជាអកុសល ​គ្រួសារអភ័ពរូបនេះ ​បានជួបនឹង​អគ្គិភ័យ​ឆាប​ឆេះ​លេបត្របាក់ គេហដ្ឋានរបស់ពួកគេឲ្យឆេះ​ខ្ទេចខ្ទីគ្មានសល់ នៅវេលា​ម៉ោង​១១​និង​៤៥នាទី​(ថ្ងៃ​ត្រង់​) ថ្ងៃ​ទី​១៩​ខែឧសភា​ ឆ្នាំ​២០១៨​ និងបាត់បង់​ មាស​ចំនួន​២ដំឡឹង​ ប្រាក់​ចំនួន​២លាន​រៀល​ និងសម្ភារៈ ខោអាវ និងរបស់របរទាំងអស់ បានក្លាយជាចំណីព្រះអគ្គី​ដោយសល់តែសម្លៀកបំពាក់មួយចង្កេះម្នាក់ប៉ុណ្ណោះ​ ពិសេស​មេដាយការពារជាតិថ្នាក់សម្រិតសម្រាប់អតីតយុទ្ឋជនដែលមានគុណបំណាច់ចំពោះជាតិក៍ត្រូវខូចខាតបាត់បង់ផងដែរ​ ។​

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជនពលី ដែលកំពុងតែរងគ្រោះ ដោយ​សារតែអគ្គីភ័យបានលេបត្របាក់ផ្ទះគ្មានសល់ នៅ​ល្ងាច​ថ្ងៃ​ទី​២១​ខែឧសភា​ឆ្នាំ​២០១៨​និងបានផ្តល់​កំលាំង​ចិត្ត​ ឲ្យប្រឹងប្រែងតស៊ូបន្ថែមទៀត កុំបីអស់សង្ឃឹមដ៏រាបណាមានជីវិតរស់នៅ ទ្រព្យសម្បត្តិអាចរកមកវិញបាន ហើយក៏មិននៅឯកកោរនោះឡើយ មានសមាគមអតីតយុទ្ធជនយើងនៅមើលថែរ និងជិតស្និទបំផុត ក្រោម​ការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជន និង​បាន​ឧបត្ថម្ភ​ជូន​​នូវ​ អង្ករ​ចំនួន​៥០​ គីឡូក្រាម​ មីយើង​ចំនួន​២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​ មុងជ្រលក់ថ្នាំ​ចំនួន​២​ និង​ថវិកា​ចំនួន​១៥០,០០០​  រៀល​  ។

ដោយ  ប៊ុន  រដ្ឋា