ប្តីប្រពន្ធឈ្លោះគ្នា ភ្លាមៗព្រមព្រៀងលែងលះគ្នា ប្តីយកម៉ូតូចេញពីផ្ទះ ប្រពន្ធ មិនអោយ ប្តីកាប់ប្រពន្ធរងរបួសធ្ងន់

0

ខេត្តឧត្តរមានជ័យ៖ ស្រ្តីជាប្រពន្ធបានរងរបួសធ្ងន់ ដោយសារតែប្តីចិត្តអប្រិយ៍ ហ៊ានលើកដៃកាប់ប្រពន្ធ ក្នុងរឿងទាស់ពាក្យសំដី រហូតដល់ព្រមព្រៀងលែងលះគ្នា ហើយប្រពន្ធមិនព្រមអោយម៉ូតូប្តី ក៏ទាញកាំបិតកាប់ប្រពន្ធតែម្តង ។ ហេតុការណ៍នេះ បាន កើត ឡើងនៅអំឡុងម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នេះ ចំណុចភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកអន្លង់វែង បានឱ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ប៊ូ ប៊ី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្ដី បានយកកាំបិតខ្វែវ កាប់ទៅលើប្រពន្ធឈ្មោះ សែត ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅផ្ទះកើតហេតុជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ដើមដៃឆ្វេង និងស្មាខាងស្ដាំ ហើយនឹងផ្នែក ករ.ដៃស្ដាំ រួមនឹងក្បាលចំនួន ៣កន្លែង ទៀត ដោយត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង តែស្ថានភាពរបួសធ្ងន់ ក្រុមគ្រូពេទ្យក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប។
តាមឱ្យដឹងពីអធិការនគរបាលព្រហ្មទណ្ឌស្រុកអន្លង់វែង បានប្រាប់ថា ក្រោយពីកើតហេតុ កម្លាំងអន្តរាគមន៍បានជួយយកជនរងគ្រោះទៅពេទ្យ ចំណែកជនបង្ករបាន កាន់កាំ បិតខ្វែវ ជាប់នឹងដៃចូលក្នុងផ្ទះ មិនព្រមអោយសមត្ថកិច្ចចូលចាប់ខ្លួននោះទេ ហើយបន្ទាប់មកជនសង្ស័យបានបិទទ្វារផ្ទះ នឹងចាក់សាំងដុតផ្ទះ ព្រមទាំងយកខ្សែអង្រឹងបំណងចងករធ្វើអត្តឃាត់ខ្លួន ជាមួយនឹងធ្នឹមផ្ទះ ដោយភ្លាម នោះ សមត្ថកិច្ច យកឡានទឹកបាញ់ទឹកចូលក្នុងផ្ទះ ទើបចាប់ខ្លួនជនសង្ស័យបាន ហើយនាំមក កាន់អធិការដ្ឋាននគរបាលស្រុក អន្លង់វែង ដើម្បីចាត់ការតាមនិតិវិធី ។
តាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថា នៅមុនពេលកើតហេតុប្តីប្រពន្ធខាងលើ បានឈ្លោះគ្នា នៅក្នុងផ្ទះ ដោយសារតែប្តីប្រចណ្ឌប្រពន្ធ ឈ្លោះប្រកែកគ្នា រហូតដល់ ព្រមព្រៀង លែងលះ ទៀត ហើយប្ដីយកម៉ូតូ តែប្រពន្ធមិនព្រមអោយ ក៏ដណ្ដើមម៉ូតូគ្នា ឯចំណែកប្ដីក៏ យកកាំ បិតខ្វែវកាប់ទៅលើប្រពន្ធជាច្រើនកាំបិត បណ្ដាលរងរបួសធ្ងន់តែម្ដង ៕