អភិបាលខេត្តរតនគិរីដាក់បទបញ្ជាឲ្យបង្រ្កាបក្មេងទំនើង ដែរមានដាវសាម៉ូរៃទោះជាអាងខ្នងនរណាក៏ដោយ

0

ខេត្តរតនគិរី÷ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងដាក់បទបញ្ជា ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និង អភិបាលទាំង៩ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បង្រ្កាបឲ្យបានបញ្ហាក្មេងទំនើង ដែរមានដាវសាម៉ូរៃ ទោះជាអាងខ្នងនរណាក៏ដោយ បើសិនជាអាងខ្នងចៅហ្វាយខេត្តចាប់មុនគេតែម្ដង ។

កុំឲ្យដូចពាក្យគេថាឪស័ក្តិ៥ កូនផ្កាយ១ឲ្យសោះ ។លោក ថង​ សាវុន​ បានថ្លែងដាក់បទបញ្ជាបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការការឯកភាពខេត្ត​នាព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្នុងសាលប្រជុំរដ្ឋបាលសាលាខេត្ត ។ហើយក្នុងកិច្ចប្រជុំគណៈបញ្ជាការការឯកភាពនេះផងដែរ គឺធ្វើឡើងដើម្បីពិនិត្យលើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត​ ណែនាំអំពីការអនុវត្តផែនការការពារពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តទាំងមុន​ និងក្រោយបោះឆ្នោត​ និងពង្រឹងណែនាំលើការអនុវត្ត តួនាទី​ ភារកិច្ច​ របៀបរបបការងារ ។

លោក ថង​ សាវុន​ បានមានប្រសាសន៏ក្នុងកិច្ចប្រជុំគណៈបញ្ជាការការឯកភាព ទៀតថា ដើម្បីធានាបាននូវការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសនយោបាយល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និងយុត្តិធម៌ នៅក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ គឺគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំពង្រឹងទំនាក់ទំនង កិច្ចសហការឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដូចជាចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពឱ្យបានតឹងរឹង ផ្អែកតាមគោលការណ៍ ដែលបានកំណត់នៅក្នុងផែនការអន្តរស្ថាប័ន ។

ទន្ទឹមនឹងនោះដែរលោក ថង សាវុន បានណែនាំដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្តទាំងអស់ ត្រូវពង្រឹងសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងខិតខំធ្វើយ៉ាង
ណាទប់ស្កាត់ឲ្យបាន នូវរាល់បទល្មើសផ្សេងៗ ជាពិសេសទប់ស្កាត់ឱ្យបាននូវរាល់ទង្វើបង្កចលាចល អសន្តិសុខក្នុងសង្គម ដោយក្រុមអគតិមួយចំនួន ដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ បើយោងលិខិតលេខ០០៩ផ.ក/១៦ របស់ក្រសួងមហាផ្ទៃ និងណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីកិច្ចការពារការចុះឈ្មោះបោះឆ្នោត ដើម្បីធានារៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៨ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ៕ យក្ខឡោម