ប្រជាពលរដ្ឋឃុំត្រពាងភ្លាំងសម្តែងសេចក្តីត្រេកអរ ចំពោះការចុះវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិ

0

កំពត; ប្រជាពលរដ្ឋជាច្រើននាក់ដែលបានធ្វើស្រែចំការនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក បានសម្តែងសេចក្តីត្រេកអរ នឹងរីករាយយ៉ាងខ្លាំង ចំពោះក្រុមការងារវាស់វែងដែលបានយកចិត្តទុកដាក់ ចុះវាស់វែងដីធ្លីយ៉ាងសស្រាកសស្រាំ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ ធ្វើឲ្យពួគេអាចអស់កង្វល់ ថាមានអ្នកមកដណ្តើម ។
អស់រយៈជាច្រើនឆ្នាំ ក្នុងការអាស្រ័យផលលើដីកសិកម្ម នៅភូមិព្រៃពាវ ឃុំត្រពាំងភ្លាំង កសិករនៅមិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយទេ ធ្វើឲ្យពួកគេពិបាកក្នុងការប្រើប្រាស់ដី ដូចជាចង់ជួល ចង់បញ្ចាំដើម្បីយកលុយមកពង្រីកមុខរបស់បន្ថែមផ្សេងៗជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន និងឈ្មួញខិលខូចមួយចំនួនចេះតែមកទន្ទ្រាន បៀតបៀននៅក្បែរ ចង់ដណ្តើមដីរបស់ពួកគេ ទាំងពួកគេមិនព្រមលក់ថែមទៀតផង ខណៈដែលដំណាំ បន្លែ ផ្លែឈើ ទទួលបានទិន្នផលល្អ អាចផ្គុតផ្គង់ជីវភាពគ្រួសារ។
ម្ចាស់ដីជាច្រើននាក់ បានលើកឡើងថា រយៈពេលចុងក្រោយនេះ ខេត្តកំពត មានការអភិវឌ្ឍន៍ ក្រុមហ៊ុនវិនិយោគមករកស៊ីកាន់តែច្រើន ការធ្វើកសិកម្មកាន់តែទំនើប និងងាយស្រួល ដីធ្លីកាន់តែឡើងថ្លៃ ធ្វើឲ្យក្រុមហ៊ុន និងជនខិលខូចមួយចំនួនតូច បានមកញុះញុង បំផុសបំផុល បង្កបញ្ហាដើម្បីដណ្តើមយកដីពីប្រជាកសិករ។ ទើបពួគគេទសរុបមានចំនួន ១៨៩គ្រួសារ បានស្នើរសុំការជួយអន្តរាគមន៍ពីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ឲ្យចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិ។លុះដល់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៨ ក្រុមការងារវាស់វែង របស់រដ្ឋបាលខេត្តកំពត ក៏បានចាប់ផ្តើមចុះអនុវត្តន៍ ធ្វើឲ្យពួកគេត្រេកអរ ញញឹមរកពាក្យអ្វីថ្លែងមិនត្រូវ។

អាស្រ័យផលលើដីចំការតាំងពីឆ្នាំ២០០២ លោក សុខ ភារិន បានប្រាប់ឲ្យដឹងថា គ្មានអ្វីសប្បាយចិត្តសម្រាប់កសិករ ជាងពេលឃើញដីស្រែចំការ របស់ខ្លួន មានប័ណ្ណកម្មសិទ្ទិត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ លោកថា ក្រោយពេលមានកន្ទុយប័ណ្ណ លោកអាចយកវាទៅប្រើប្រាស់តាមតម្រូវការផ្សេងបាន ពិសេស មិនព្រួយបារម្ភក្លាចជនខិលខូច ឬឈ្មួញមានអំណាចមកដណ្តើម។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនោះក៏បានបង្ហើបឲ្យដឹងដែរថា នៅក្នុងចំណោមពលរដ្ឋ ១៨៩គ្រួសារ មានមនុស្សមួយចំនួនតូច មិនសូវសប្បាយចិត្តព្រោះជឿការញុះញុងគេ ពិសេសក្រុមអ្នកសារព័ត៌មានគាំទ្របក្សប្រឆាំង និងឈ្មួញខិលខូច មកបង្កជាបញ្ហាយ៉ាងនេះ បញ្ហាយ៉ាងនោះ ធ្វើឲ្យមានការក្នក់ចិត្ត រវាងអ្នកវាស់រួច និងអ្នកមិនវាស់, រវាងពលរដ្ឋមិនទាន់វាស់ និងក្រុមការងារវាស់វែងជាដើម។

ជុំវិញបញ្ហាវាស់វែង នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានក្រុមចុះអនុវត្តវាស់វែងផ្ទាល់ លោក ង៉ែត សាវឿន បានប្រាប់ឲ្យដឹងថា ក្រោយពេលទទួលបានការចាត់តាំង ក្រុមការងាររបស់លោក បានចាប់ផ្តើមចុះវាស់វែងនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៨ បើគិតមកដល់ថ្ងៃនេះ ក្រុមការងារបានវាស់រួច ចំនួន៨៣គ្រួសារ និងបានកំពុងនឹងបន្តវាស់ ជូនប្រជាពលរដ្ឋ ឲ្យទាល់តែគ្រប់ទាំង១៨៩គ្រួសារ។ លោកបាន្តថា ការងារវាស់វែងមិនមានបញ្ហាអ្វីគួរឲ្យគាត់សម្គាល់ទេ ហើយថា ការយឺតយាវបន្តិចបន្តួច ដោយសារតែមានភ្លៀងធ្លាក់ និងថ្ងៃឈប់សម្រាករបស់មន្ត្រីក្រុមការងារ។ លោកបានបញ្ជាក់ថា ចំពោះបញ្ហាពលរដ្ឋមួយចំនួន ដែលទៅចង្អុលលើដីព្រៃ ថា ជាដីរបស់ខ្លួនដែរនោះ ក្រុមការងារមិនអាចវាស់ឲ្យបានទេ ទោះបីមានឈ្មោះនៅក្នុងបញ្ជីស្នើសុំ១៨៩គ្រួសារក៏ដោយ ប៉ុន្តែជារួមពលរដ្ឋពេញចិត្តនិងទទួលយកនូវកិច្ចិខិតខំប្រឹងប្រែងវាស់វែងរបស់ក្រុមការងារ។

លោកបានប្រាប់ឲ្យដឹងដែរថា ថ្មីៗនេះវិទ្យុគាំទ្របក្សប្រឆាំងបានធ្វើការចុះផ្សាយ ព័ត៌មានមិនល្អ ពីក្រុមការងារវាស់វែង ដោយគ្មានមូលដ្ឋាន ឬសួរនាំច្បាស់លាស់ទេ ធ្វើឲ្យមតិសាធារមានការណៈយល់ច្រឡំ។ យ៉ាងណាក៏ដោយ តំណាងឲ្យរដ្ឋបាលខេត្ត លោកសូមផ្ញើសារដល់ពលរដ្ឋទាំងអស់ដែលមិនទាន់បានវាស់វែងរួច សូមកុំជឿការញុះញុងរបស់អ្នកណាទាំងអស់ ហើយត្រូវត្រៀមខ្លួនរង់ចាំស្តាប់ការជូនដំណឹង ណែនាំពីលោកមេឃុំ មេភូមិដើម្បីធ្វើការបាស់វែងដីអាស្រ័យផលរបស់ខ្លួន៕