កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ពាក់ព័ន្ធគ្រឿងញៀន

0

ភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បានចុះធ្វើរដ្ឋបាលនៅចំណុចសំណង់ អាណាធិបតេយ្យ តំបន់វាលខ្សាច់ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ នៅវេលាម៉ោង​០៩:២០នាទីព្រឹក​ ថ្ងៃព្រហស្បតិ៍ត​ ទី២៤ ខែឧសភា​ ឆ្នាំ​២០១៨នេះ។

ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នៅចំណុចខាងលើ កម្លាំងយើងបានធ្វើការរុះរើ និងវាយកម្ទេចចោល ផ្ទះឈើតូចៗចំនួន ០៥ខ្នង នៅហ្នឹងកន្លែងភ្លាមៗ ក្រោយរកឃើញថា មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍អោយដឹងថា ដោយយល់ឃើញថាលំនៅឋាន ទាំង៥ដែលត្រូវរុះរើរ ជាទីតាំងបណ្តុំទៅដោយការប្រើប្រាស់ ក៏ដូចជា ជាកន្លែងដែលមានប្រមូលម្តុំទៅដោយការជួញដូរគ្រឿងញៀន យ៉ាងខ្លាំងក្លានោះ កម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ សម្រេចវាយកម្ទេចលំនៅឋានទាំង៥ខ្នងតូចៗនេះចោលតែម្តង ។

ហើយសំណង់លំនៅឋានតូចៗជាច្រើននៅចំណុចខាងលើ សុទ្ធសឹងជាសំណង់សង់ឡើងពីឈើប្រក់សង្ក័សី ហើយក៏ជាប្រភេទសំណង់ អាណាធិបតេយ្យ ពោលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ដូច្នេះហើយប្រសិនបើទីតាំងណាមួយដែលមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ពិសេសការយកទីតាំងធ្វើជាកន្លែងប្រព្រឹត្តិបទល្មើសផ្សេងៗ ប៉ះពាល់ដល់សង្គមពលរដ្ឋ ក៏ដូចជាសង្គមជាតិនោះ អាជ្ញាធរនឹងធ្វើការរុះរើរទីតាំងនោះចោល ហើយនឹងមិនបន្តអនុញ្ញាត្តិអោយមានជាសំណង់សាងសង់ថ្មីលើផ្ទៃដីចាស់បានទៀតជាដាច់ខាត ។

សូមបញ្ជាក់ថា ក្នុងការចុះរដ្ឋបាលតំបន់វាលខ្សាច់ខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១០នាក់ (ក្នុងនោះស្រី០៣នាក់) ពាក់ព័ន្ធនឹងបទល្មើលគ្រឿងញៀន រួមទាំងធ្វើការដកហូតនូវវត្ថុតាងរួមមាន ដាវសាម៉ូរៃ​ ០១ដើម កាមេរ៉ាសុវត្ថិភាព០៥គ្រឿង ម៉ូតូម៉ាកសេដេ ០១គ្រឿង ពាក់ស្លាកលេខ​ភ្នំពេញ​ 1FD-0200 និងសំភារៈប្រើប្រាស់​គ្រឿងញៀនមួយចំនួនផងដែរ ។