ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យសំណើរសាងសង់និងនាំយកអំណោយជូនប្រជាជនរងគ្រោះដោយសារខ្យល់ព្យុះនៅក្នុងឧទ្យានអង្គរ

0

សៀមរាប: ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការស្នើសុំជួសជុលសំណង់និងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាជនក្នុងតំបន់អង្គរ ដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ បង្កផលប៉ះពាល់ដល់ទីជម្រកនិងការរស់នៅយ៉ាងខ្លាំង។

ក្រុមការងារសហគមន៍ បានចុះទៅតាមគោលដៅ ដូចជាស្រុកអង្គរធំ ស្រុកពួក និងស្រុកប្រាសាទបាគង។ តាមការចុះពិនិត្យជាក់ស្តែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារប្រចាំស្រុកអង្គរធំ បានឧបត្ថម្ភជនរងគ្រោះដោយខ្យល់ព្យុះចំនួន០២គ្រួសារនៅភូមិភ្លង់ និងភូមិសំរោង ស្រុកអង្គរធំដោយមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីម៉ាម៉ា១កេស ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដប ទឹកដោះគោ១កំប៉ុង ប្រេងឆា១ដប ស្ករស១គីឡូ និងប៊ីចេង១កញ្ចប់។ លើសពីនេះទៀត ក្រុមការងារក៏បានសម្រេចអនុញ្ញាតឱ្យជួសជុលនៅនឹងទីតាំងមាន០១ករណី ដែលស្ថិតនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ។

ដោយឡែកក្រុមការងារសហគមន៍ប្រចាំស្រុកពួក បានចុះពិនិត្យនិងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាង់សង់និងជួសជុលឡើងវិញនូវករណីផ្ទះដួលរលំទាំងស្រុង១០ករណីនិងខូចខាតដំបូល៥ករណី ដោយសារគ្រោះធម្មជាតិបណ្តាលពីខ្យល់ខ្លាំងនៅភូមិប្រឡាយ ឃុំខ្នាត។

រីឯស្រុកប្រាសាទបាគង ក្រុមការងារបានចុះពិនិត្យការស្នើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំបាគង ដោយសម្រេចអនុញ្ញាតឲ្យជួសជុលផ្ទះតូចតាចនៅទីតាំងផ្ទាល់ចំនួន១៤ករណី ចំណែកឯ០៤ករណីទៀត ម្ចាស់ពុំទាន់មានលទ្ធភាពធ្វើនិងម្ចាស់ផ្ទះមិននៅ។ ក្រុមការងារក៏បានទៅពិនិត្យនិងអនុញ្ញាតឱ្យសាងសង់ផ្ទះបាយឡើងវិញដែលបានដួលរលំដោយសារមានខ្យល់ នៅភូមិរលួសខាងលិច ចំនួន០២ករណីថែមទៀត។

នេះជាទឹកចិត្តនៃការចែករំលែកនិងជួយសង្គ្រោះដល់ប្រជាជនក្នុងតំបន់អង្គរដែលជួបគ្រោះអាសន្នដោយមិនប្រកាន់និន្នាការនយោបាយ មានក្រ ឬជាតិសាសន៍អ្វីនោះឡើយ។ អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ពីការរស់នៅ សុខទុក្ខ និងការរៀបសាងសង់ផ្សេងៗដល់អ្នកស្រុកក្នុងតំបន់ឱ្យស្របទៅតាមគោលការណ៍ និងលើកកម្ពស់ផ្នែកអប់រំ រួមទាំងសុខុមាលភាពរបស់ប្រជាជនផងដែរ៕