ស្នេហាត្រីកោណឈានដល់ករណីហិង្សា ប្រុសស្នេហ៍របស់ប្រពន្ធចាក់ប្តីនិងឪពុកក្មេកឱ្យរងរបួសធ្ងន់

0

កំពត៖ ករណីហិង្សាមួយដែលផ្តើមដោយសារស្នេហាត្រីកោណ ធ្វើឱ្យមានការប្រតាយប្រតប់គ្នា ដោយខណៈនោះភាគីប្រុសសាហាយស្មន់បានយកកូនកំបិតមកចាក់បុរសជាប្តីនិងឪពុកក្មេកបណ្តាលឱ្យរបួសធ្ងន់ ហើយករណីបង្កឱ្យមានការចលាចលនេះ ត្រូវបានអ្នកស្រុកអះអាងថា ស្ត្រីជាប្រពន្ធបានបើកបេះដូងឱ្យប្រុសស្នេហ៍ដោយស្មោះស្ម័គ្រ ទើបបង្កជាជម្លោះបែបនេះ។
ទាក់ទិននឹងករណីហិង្សាខាងលើ មានប្រភពច្បាស់ការណ៍ខ្សឹបខ្សៀវថា កន្លងមកស្នេហារវាងបុរសជាប្តីដែលមាន ឈ្មោះ ហេង គឹមសេង និងស្ត្រីជាភរិយា ឈ្មោះ សួន ឌីណា គឺរស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ ដោយសព្វថ្ងៃប្តីនៅកន្លែងទីទៃ ឯប្រពន្ធនៅផ្ទះក្នុងភូមិឈ្លីតលើ ដែលជាកន្លែងកើតហេតុ​ ក្បែរផ្ទះឪពុកបង្កើត ឈ្មោះ សេង ឃៀប ហើយស្ត្រីជាប្រពន្ធប្រកបរបររាំច្រៀងតាមវង់តន្ត្រី។ប្រភពដដែលបានទម្លាយទៀតថា ការឈានទៅជាករណីហិង្សានេះ ព្រោះតែប្តីមានការសង្ស័យដោយសារមានគេលួចបង្ហើបពីទំនាក់ទំនងស្នេហាក្រៅឆាក ទើបជិតភ្លឺក៏លួចមកមើលប្រពន្ធ លុះឃើញមានប្រុសដេកនៅរួមរឹតជាមួយប្រពន្ធខ្លួន ក៏ទៅហៅឪពុកក្មេកដែលនៅផ្ទះក្បែរនោះមកជួយមើល ស្រាប់តែភាគីទាំងសងខាងផ្ទុះកំហឹងដាក់គ្នា ធ្វើឱ្យបុរសជាសាហាយទាញកូនកាំបិតចាក់ប្តី និងឪពុករបស់ស្រីកំណាន់ខ្លួនឯងឱ្យរងរបួសធ្ងន់ រួចហើយគេចខ្លួនបាត់ទាំងយប់តែម្តង។
បើយោងតាមសំដីសមត្ថកិច្ចស្រុកដងទង់បានបញ្ជាក់ថា ករណីហិង្សាខាងលើបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះស្ត្រីដែលមានឈ្មោះផិតក្បត់ប្តី ក្នុងភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត។សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ស្ត្រីក្បត់ប្តី មានឈ្មោះ សួន ឌីណា ភេទស្រី អាយុ២១ឆ្នាំ មុខរបរច្រៀងក្នុងវង់តន្ត្រីសម័យ ចំណែកប្រុសសាហាយ ឈ្មោះ ហាស់ រទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជាថៅកែកៅឡាវ រស់នៅក្នុងស្រុកដងទង់។ដោយឡែក ជនរងគ្រោះជាប្តី មានឈ្មោះ ហេង គឹមសេង ភេទប្រុស អាយុ៣១ឆ្នាំ បានរងរបួសចំដោះខាងស្តាំ និងដៃស្តាំ ហើយបុរសជាឪពុកខាងប្រពន្ធ ឈ្មោះ សេង ឃៀប ក៏ត្រូវបានសាហាយរបស់ស្ត្រីឈ្មោះសួន ឌីណា ចាក់ឱ្យរងរបួសដែរ។សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីមានករណីបង្កហិង្សានេះ អ្នកភូមិក៏បានបញ្ជូនជនរងគ្រោះជាប្តីនិងឪពុកក្មេកមកសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងចងក្រងឯកសារអនុវត្តតាមនីតិវិធី៕