សាច់សត្វព្រៃជាច្រើនប្រភេទដាក់តាំងលក់ក្នុងផ្សារក្រុងបានលុង ត្រូវសមត្ថកិច្ចបង្ក្រាបម្ចាស់រត់យករួចខ្លួន

0

ខេត្តរតនគិរីៈ សាច់សត្វព្រៃដែលដាក់លក់យ៉ាងអាណាធិបតេយ្យ ក្នុងផ្សារក្រុងបានលុង ត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចុះបង្ក្រាប និងធ្វើការដកហូតយកមកដុតកម្ទេចចោល ។
នៅវេលាម៉ោង១១.១០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ សាច់សត្វព្រៃសរុប ១៧២.៧គីឡូក្រាម ដែលដាក់តាំងលក់ក្នុងផ្សារក្រុងបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះ រិបអូសយកមកដុតកំទេចចោល។
កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បានឲ្យដឹងថា សាច់សត្វព្រៃស្រស់ចំនួន ១៧២.៧គីឡូក្រាម ក្នុងនោះមាន សាច់ប្រើស ៩៣គីឡូក្រាម សាច់ឈ្លូស ៤៧គីឡូក្រាម សាច់ជ្រូគព្រៃ៧គីឡូក្រាម សត្វទន្សាយ៣ក្បាល ៤.៥០គីឡូក្រាម សត្វប្រម៉ា ១២គីឡូក្រាម និងសត្វត្រកួត៤ក្បាល ៩.២០គីឡូក្រាម។ សមត្ថកិច្ចបានបន្តថា ការចុះបង្ក្រាបនេះ មិនបានហៅម្ចាស់លក់សាច់សត្វព្រៃយកមកណែនាំ ធ្វើកិច្ចសន្យា និងផាកវិន័យទេ ពីព្រោះគ្រាដែលចុះបង្ក្រាបនោះ អ្នកលក់បានរត់គេចខ្លួនបាត់អស់ទៅហើយ បន្ស់ល់ទុកតែសាច់សត្វ ដែលដាក់តាំងលក់លើតូប និងធុងក្លាសសេសាច់នៅតូបលក់តែប៉ុណ្ណោះ ហើយម្យ៉ាងទៀត គណៈកម្មាការផ្សារ មិនបានធ្វើការសហការណ៍ ចង្អុលបង្ហាញពីអ្នកលក់សាច់សត្វល្មើសច្បាប់នេះទេ ដោយគ្រាន់តែឆ្លើយថា មិនស្គាល់អ្នកលក់តែប៉ុណ្ណោះ។
ក្រោយពីរឹបអូសភស្ដុតាង សាច់សត្វព្រៃទាំងនោះមក សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងយកសាច់សត្វទាំងនោះ ទៅដុតកម្ទេចចោល នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅវេលាម៉ោង១២.៣០នាទី ផងដែរ៕