លួចម៉ូតូបាន២ម៉ោងត្រូវបានសម្ថតកិច្ចប៉ូលីសខេត្តតាកែវបង្រ្កាបបានភ្លាមៗ

0

តាកែវ÷បន្ទាប់ពីទទួលព័ត៌មានថា មានករណីអំពើលួចមួយកើតឡើងនៅចំណុចផ្សារតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ វេលាម៉ោង១៧និង១៥នាទី ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ ភ្លាមនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយ​កម្លាំង​អធិការដ្ឋាននគរបាលក្រុងដូនកែវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង ធ្វើអន្តរាគមន៍ដេញតាមល្បាតពួន​ស្ទាក់​គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង២១ និង១០នាទី ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិរវៀង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានប្រាប់អោយដឹងថាជនសង្ស័យមានឈ្មោះ អង ប៉ន អាយុ២២ ភេទប្រុស រស់នៅភូមិរវៀង ឃុំធ្លកស្រុកទ្រាំងខេត្តតាកែវ ដកហូតវត្ថុតាងបានម៉ូតូមួយគ្រឿងម៉ាកហុងដា scoopi  ពណ៌ផ្កាឈូក លាយស ពាក់ផ្លាកលេខភ្នំពេញ 1BA  8338 ជារបស់ឈ្មោះ  អឹង រដ្ខា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ​ភូមិ​ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។
ម្ចាស់ម៉ូតូបានប្រាប់ប៉ូលីសអោយដឹងថាមុនពេលកើតហេតុរូបគាត់បានទុកម៉ូតូមុខផ្ទះពេលមេឃកំពុងភ្លៀងស្រាប់តែភ្លៀងរាំងគាត់ចេញមកខាងក្រៅក៍បាត់មិនឃើញម៉ូតូ ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូងខេត្ត ចំណែកវត្ថុតាងម៉ូតូដោយមានការអនុញ្ញាតិពីលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ជូនម្ចាស់ដើមវិញ៕