ស្ត្រីម្នាក់មុនទៅចងកសម្លាប់ខ្លួនឯងកាប់ប្ដីឲ្យងាប់សិន

0

ខេត្តរតនគិរី÷ ស្ត្រីម្នាក់យកកាំបិតផ្គាក់ ទៅកាប់.កប្ដីសម្លាប់ចោលទាំងព្រឹក មុននឹងទៅចង.កសម្លាប់ខ្លួន បន្ទាប់ពីខ្លួនឯង និងប្ដីមានជម្ងឺរាំរ៉ៃដូចគ្នា ជាច្រើនខែមកហើយព្យាបាលមិនជា។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦នឹង០០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។

ប្ដីជាជនរងគ្រោះមានឈ្មោះ ក្លើស កាទឹម អាយុ៥៣ឆ្នាំ ត្រូវប្រពន្ធកាប់នឹងកាំបិតផ្គាក់ចំ.ក ធ្វើឲ្យរបួសជាទម្ងន់។ ចំណែកប្រពន្ធដែលកាប់ប្ដីនោះមានឈ្មោះ គឹត ស៊ុន អាយុ៤៤ឆ្នាំ អ្នកទាំងពីរ ជនជាតិគ្រឹងដូចគ្នា មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។
តាមការរៀបរាប់ពីសាច់ញាតិរបស់ប្ដីប្រពន្ធទាំងពីរនាក់ បានឲ្យដឹងថា ប្ដីប្រពន្ធនេះមានជម្ងឺរាំរ៉ៃ ជាច្រើនខែមកហើយ បើទោះជាទៅឲ្យគ្រូបូរាណ និងទៅពេទ្យព្យាបាល ជាច្រើនកន្លែង ក៏នៅតែមិនជា។
ហើយប្រពន្ធក៏ព្យាយាមលួចទៅចង.កសម្លាប់ខ្លួនជាច្រើនលើកមកហើយដែរ តែប្ដីតាមទាន់ បានរារាំង លួងលោមប្រពន្ធកុំឲ្យទៅចង.ក។

ជារៀងរាល់ព្រឹក ពីនាក់ប្ដីប្រពន្ធតែងតែគួកច្របាច់ឲ្យគ្នាទៅវិញទៅមកជារៀងរាល់ព្រឹក ដោយសារព្រឹកឡើងចេះតែមានអាការៈ រមូលក្នុងពោះ និងក្អួតចង្អោរ។
ដោយឡែកនៅព្រឹកថ្ងៃកើតហេតុ ប្ដីក៏មានអាការៈដូចសព្វមួយដង បានហៅប្រពន្ធឲ្យគួកខ្នងឲ្យដូចធម្មតា គ្រាដែលប្ដីអង្គុយបែខ្នងឲ្យប្រពន្ធគួក ស្រាប់តែប្រពន្ធយកកាំបិតផ្គាក់មកកាប់ពីក្រោយចំកញ្ជឹងកបណ្តាលឲ្យរបួសធ្ងន់។

អធិការនគរបាលស្រុកវើនសៃលោក ទឺ នូថង បានឲ្យដឹងថា តាមចម្លើយពីប្រពន្ធដែលកាប់ប្ដីនោះថា គាត់មានបំណងសម្លាប់ប្ដីហើយ ទើបគាត់ទៅចង.ក សម្លាប់ខ្លួនឯងតាមក្រោយ។

លោកអធិការបន្តទៀតថា ករណីនេះលោកមិនបានចាត់វិធានការតាមច្បាប់ទេ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត។
ដោយអ្នកទាំងពីមានអាការៈធ្ងន់ធ្ងរ គឺលោកបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

បច្ចុប្បន្ន ប្ដីប្រពន្ធទាំងពីរនាក់ ត្រូវអធិការនគរបាលស្រុកវើនសៃ ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកវើនសៃ ហើយប្រគល់ឲ្យក្រុមគ្រួសារអ្នកទាំងពីរមើលថែទាំ តាមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី៕ យក្ខឡោម