ប្រជាកសិករក្នុងតំបន់អង្គរទទួលបានវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារកសិផល

0

សៀមរាប៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA សហការជាមួយអង្គការ IDE (In Partnership Promoting Agribusiness) បានបើកវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារកសិផលដល់ប្រជាកសិករ ជាកសិករគំរូនិងអ្នកធ្វើតាមចំនួន២០គ្រួសារ ដែលស្ថិតនៅភូមិអូរ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាផ្តល់ក្តីសង្ឃឹមដល់ប្រជាកសិករក្នុងការដាំដុះកសិកម្មបន្ថែមទៀត។
លោក ឡាច វីយូរ៉ា បុគ្គលិកបច្ចេកទេសរបស់គម្រោង ACHA បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ចំណេះដឹងដល់ពួកគាត់ពាក់ព័ន្ធនឹងទីផ្សារក្នុងភូមិស្រុកនិងក្រៅតំបន់ដែលខ្លួនរស់នៅ ចេះវិភាគថ្លៃដើម យល់ពីតម្រូវការរបស់ទីផ្សារ និងឱ្យពួកគាត់ចេះសហការគ្នាក្នុងនាមជាប្រជាកសិករនិងប្រជាកសិករ ដើម្បីនាំចេញកសិផលខ្លួនទៅលក់បានតម្លៃខ្ពស់នៅលើទីផ្សារ។
លោក វីយូរ៉ា បន្ថែមថា លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះកន្លងមក ធ្វើឱ្យប្រជាកសិករដាំដំណាំត្រូវនឹងតម្រូវការទីផ្សារ ថាខែណាគួរដាំដំណាំអ្វី ដើម្បីបានតម្លៃខ្ពស់ ចេះរកមើលទីផ្សារក្នុងភូមិ និងចេះស៊ើបរកទីផ្សារខ្លួនឯងលក់ផលិតផលបានថ្លៃទៀតផង។ អាជ្ញាធរជាតិអប្សរានិងបណ្តាអង្គការដែគូក៏បានសហការរកទីផ្សារជូនប្រជាជនឱ្យលក់ផលិតផលបានតម្លៃសមរម្យ ហើយក៏បានផ្តល់ពូជ បច្ចេកទេស និងជំរុញលើកទឹកចិត្តក្នុងការដាំដុះផងដែរ។ ពិសេស ផលិតផលដែលប្រជាជនក្នុងគម្រោងដាំបាន ក៏ធ្លាប់បានយកទៅលក់នៅក្នុងពិព័រណ៌ផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០ កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ ដែលបានធ្វើឱ្យអ្នកដាំ អ្នកទិញ និងឈ្មួញបានជួបគ្នាក្នុងការបង្កើតទំនាក់ទំនងលើផ្នែកពូជ របៀបដាំដុះ តម្រូវការទីផ្សារ និងដៃគូពាណិជកម្មបានយ៉ាងល្អប្រសើរ
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីផ្សារកសិផលនេះ ធ្លាប់បង្រៀនដល់ប្រជាកសិករគំរូនិងកសិករត្រាប់តាមបានចំនួន២០វគ្គរួចហើយនៅក្នុងតំបន់អង្គរ ហើយវគ្គនេះជាវគ្គចុងក្រោយនៃម្រោង ACHA ដែលបានសហការជាមួយអង្គរការ IDE។ នេះជាការរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់អង្គរឱ្យមានជីវភាពធូរធារ ដែលអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជាប្រចាំ ពិសេសតាមរយៈក្រុមការងារសហគមន៍ក៏បានជួយសម្រួលដល់ការសាងសង់ ការជួសជុល និងផ្សព្វផ្សាយពីច្បាប់ទម្លាប់ រួមទាំងសិទ្ធិរបស់ពលរដ្ឋក្នុងតំបន់អង្គរឱ្យមានការយល់ដឹងកាន់តែទូលំទូលាយផងដែរ៕