ពិតជាឈាមស្រែកស្បែកហៅមែន! ទីបំផុតឃាតករដែលសម្លាប់រួចទម្លាក់ស្រះត្រូវសមត្ថកិច្ចចាប់ខ្លួន

0

បន្ទាយមានជ័យៈ​ ជនដៃដល់ក្នុងអំពើឃាតកម្មសម្លាប់រួចទម្លាក់ទឹកស្រះកាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨​កន្លងទៅ​ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៨នេះនៅចំនុចលាក់ខ្លួនក្នុងភូមិជំទាវឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
​ ឃាតករដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ អ៉ីវ​ ប៊ុនម៉ៅ​ ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ រស់នៅក្នុងភូមិ​ចាប់ខ្លួនខាងលើ។
​ លោកឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ឡោះ​ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌ​ បានអោយដឹងថា​ ក្រោយធ្វើសកម្មភាពសម្លាប់លើជនងគ្រោះទម្លាក់ទឹក​រួចមក​ ជនដៃដល់ក៏បានគេចខ្លួនចេញពីផ្ទះរត់ទៅសំងំលាក់ខ្លួននៅក្នុងព្រៃក្រោយភូមិ។ ដោយសេចក្តីស្រេកឃ្លានជនសង្ស័យបានលបមកផ្ទះដើម្បីរកបាយហូបរួចវិលចូលទៅពួនសំងំវិញ។
​ លោកបន្តថាបន្ទាប់ពីអ្នកឃើញហើយរាយការណ៍​កម្លាំងនគបាលជំនាញក៏បានចុះទៅដល់ចំនុចលាក់ខ្លួនរួចឡោមពទ្ធ័​ទើបចាប់ខ្លួនជនសង្ស័យបាន។
​ នៅចំពោះមុខកម្លាំងជំនាញនគរបាល​ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ​ សុខ​ កង​ ភេទប្រុសអាយុ៥៦ឆ្នាំ​ ទម្លាក់ចូលទឹកមែន។ ជនសង្ស័យបន្តថា​ជនរងគ្រោះនិងខ្លួនគេគឺជាអ្នកជិតខាងគ្នាអត់ដែលមានទំនាស់អ្វីសោះពីមុនមក​ តែអ្វីដែលខ្លួនជ្រុលដៃសំលាប់នោះគឺ​ ពេលដែលចេញពីផឹកស៊ី សង្កត់រោងការ​ជនរងគ្រោះនិងខ្លួនគេបានដើរចេញមកជាមួយគ្នា។ លុះមកដល់ចំនុចកើតហេតុជនរងគ្រោះចង់ត្រឡប់មកផឹកវិញ​តែខ្លួនគេព្យាយាមរារាំងមិនអោយមកផឹកវិញទេ​ដោយនិយាយថាពូស្រវឹងហើយទៅផ្ទះដេកទៅ។ បន្ទាប់មកជនរងគ្រោះមិនព្រមហើយឈានដល់ឈ្លោះគ្នា​ ជនរងគ្រោះក៏វៃលើខ្លួនគេមួយដៃ​ ដោយអំណាចនៃការឈឺខ្លួនវៃបកវិញ​ដោយឃើញដំបងឈើនៅក្បែរក៏ទាញមកវៃលើជនរងគ្រោះរហូតដល់សន្លប់​រួចក៏អូសទៅទំលាក់ទឹកតែម្តង។
​ សូមបញ្ជាក់ថាបច្ចុប្បន្នជនង្ស័យកំពុងស្ថិតក្រោមការួរនាំបន្តនៅក្នុងស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕ដោយ៖ឃិន គន្ធា