វិធានការ​អប់រំ​៤លើក​ របស់​អាជ្ញាធរ​​ខេត្ត​កំពង់ចាម​ ត្រួតពិនិត្យ​រថយន្ត​៣៨៨គ្រឿង​ ​ធ្វើ​តេស្ត​ទឹក​នោម​​ស្វែងរក​សារធាតុ​ញៀន​៦៤៨នាក់​ វិជ្ជមាន​៩៤នាក់​​

0
SHARE

កំពង់ចាម:​ នេះ​ជា​លើក​ទី​៤ហើយ​​ដែល​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​​ បាន​ចុះ​ធ្វើ​ការ​ត្រួតពិនិត្យ​ ឆែកឆេរ​ និង​ធ្វើ​តេស្ដ​ទឹក​នោម​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នក​បើកបរ​និង​ព្រូ​​រថយន្ត​ ដែល​វិធានការ​នេះ​ត្រូវ​បាន​អនុវត្តន៍​ជា​បន្តបន្ទាប់​ ដោយ​លើក​ទី​១ឃាត់ខ្លួន​បាន​អ្នក​ជាប់​ពាក់ព័ន្ធ​៣៦នាក់​ លើក​ទី​២ចំនួន​១៦នាក់​ ​លើក​ទី​៣បាន​២៣នាក់​ និង​លើក​ទី៤នេះ​គឺរក​ឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ចំនួន​១៩នាក់​ផង​ដែរ​។
ការ​អនុវត្តន៍​វិធានការ​នេះ​ ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ​ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងបញ្ជា​ឲ្យ​ លោកឧត្តមសេនីយ៍ត្រី អិុត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មេីស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យចរាចរណ៍ និងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ ចុះត្រួតពិនិត្យឆែកឆេរ និងធ្វេីតេស្តទឹក​នោម​ស្វែងរកសារធាតុញៀន លើកទី៤ លេីអ្នកបេីកបរ និងព្រូ រថយន្តក្រុង រថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណេីរ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​៦​ ស្ថិត​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ បានហៅអ្នកបេីកបររថយន្ត៥០គ្រឿង​ ធ្វើ​តេស្ដ​ទឹក​នោម​ស្វែងរក​សារធាតុ​ញៀន​១០៣នាក់​ ជា​លទ្ធផល​ធ្វើ​តេស្ដ​វិជ្ជមាន​១៩នាក់​។
ក្រោយពីការធ្វើតេស្តទឹកនោម រួចមក នាល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និង​មន្ត្រី​ជំនាញ បានអញ្ជើញជួបជាមួយអ្នកប្រើប្រាស់គ្រឿងញៀនទាំងនោះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​ធ្វើ​ការអប់រំ ព្រមទាំងចែកថ្នាំ​ព្យាបាល​ ផ្តាច់គ្រឿងញៀន​ ​ឲ្យ​ពួកគេ​យកទៅប្រើប្រាស់ផងដែរ។
មានប្រសាសន៍ក្នុងការជួបជាមួយអ្នកប្រើប្រាស់គ្រឿងញៀននោះដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការប្រើប្រាស់គ្រឿងញៀន គឺជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែនេះជាវិធានការអប់រំលើកទី៤ ត្រឹមតែអប់រំអោយបញ្ឈប់ ប្រសិនបើនៅតែប្រព្រឹត្តតទៅទៀត គឺត្រូវធ្វើតាមនីតិវិធីច្បាប់ដោយមិនមានការលើកលែងឡើយ។ ដោយឯកឧត្តមបញ្ជាក់ដែរថា ការធ្វើការអប់រំនេះធ្វើឡើង​៤លើកតែប៉ុណ្ណោះ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់​ ចាប់ពីការអប់រំ​គ្រាប់​ចំនួន​៤លើកនេះតទៅ។
ឯកឧត្តមបានផ្តាំផ្ញើដល់ប្អូនៗ ដែលជាអ្នកបើកបរនិងជំនួយការបើកបរទាំងអស់សូមកុំបន្តប្រើប្រាស់គ្រឿងញៀនតទៅទៀត​ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពខ្លួន​ ខូចកិត្តិយសក្រុមគ្រួសារ និងប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ជាពិសេសសារធាតុញៀនទាំងនោះ​ ធ្វើឲ្យប៉ះពាល់ដល់កូនរបស់ខ្លួនផងដែរ។ ដើម្បី​ឲ្យ​ខ្លួនជៀសចាកឆ្ងាយពីគ្រឿងញៀនសូមអ្នកបើកបរទាំងឡាយ​ មេត្តាឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀត ដែលធ្វើអោយប៉ះពាល់សុខភាពខ្លួនឯង ការបើកបរ​ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ​ និងគ្រោះថ្នាក់ដល់ខ្លួនឯងដែរ​ និងប៉ះពាល់ដល់សង្គមជាតិ ព្រោះសារធាតុញៀននេះអាចអោយអ្នកប្រើប្រាស់ ឆ្កួត មានអារម្មណ៍រវើរវាយ បាត់បង់ម្ចាស់ការលើខ្លួនឯង មានអត្តចរិតឃោឃៅ ប្រសិនបើខ្លួនមានផ្ទុក​សារធាតុ​ញៀន​ ហើយសូមអញ្ជើញទៅទទួលថ្នាំបន្សាបគ្រឿងញៀននៅមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់ខ្លួនរាងៗខ្លួន។
មិន​តែប៉ុណ្ណោះ​ ឯកឧត្តមក៏បានអោយក្រុមគ្រូពេទ្យយកថ្នាំងបន្សាបគ្រឿងញៀន​ មកចែកជូនដល់អ្នកផ្ទុក​សារធាតុ​ញៀន​ទាំងនោះ ដើម្បីយកទៅប្រើប្រាស់កុំអោយប្រព្រឹត្តបន្តទៀត​។
សូម​បញ្ជាក់​ផង​ដែរ​ថា​ វិធានការ​អប់រំ​អ្នក​បើកបរ​រថយន្ត​​ដែលមាន​ផ្ទុក​សារធាតុ​ញៀន​ របស់​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ បាន​គ្រប់​ចំនួន​៤លើក​មកហើយ​ ដែល​នឹង​បន្ត​វិធានការ​ផ្លូវ​ច្បាប់​វិញ​ម្ដង​ ៕

SHARE