កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ: ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជម្រុញអោយបណ្តាអង្គភាពជំនាញពាក់ព័ន្ធបន្តបង្រ្កាបបទល្មើស ព្រៃឈើ និងជលផល រួមទាំងបទល្មើសផ្សេង នៅក្នុងខេត្ត  និងសូមអោយមានការផ្សព្វផ្សាយពីលទ្ធផលរបស់ ខ្លួនដែលអនុវត្តបាន កន្លងមក។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ ជាអធិបតីភាព រួមទាំង ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្តកំពង់ធំ ចូលរួមយ៉ាងច្រើន កុះករ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៨។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានលើកឡើងថា ជាការពិត ព្រៃឈើ នៅក្នុងព្រៃឡង់ និងព្រៃអង់តែន ក្នុង មួយរយៈកន្លងមកនេះ មានការថយចុះ ដោយ  គួរអោយកត់សម្គាល់ ដោយសារតែ មន្ត្រីបរិស្ថាន ការពារគោលដៅ បានយកចិត្តទុកដាក់ ការពារ ទប់ស្កាត់ និង មានការចូលរួម ពីសំណាក់អង្គភាពពាក់ព័ន្ធផងដែរ ក្នុងនោះលោកបានបញ្ជាក់ថា ព្រៃអង់តែនមានផ្ទៃដី ជាង៦ម៉ឺនហិចតា តែនៅក្រោមការគ្រប់គ្រង របស់អង្គភាពបរិស្ថានខេត្តតែ ៤ម៉ឺនហិចតាប៉ុណ្ណោះ ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានមានប្រសាសន៍ថា ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានខិតខំប្រឹងប្រែង បង្រ្កាប បទល្មើសនេសាទ និងហាមមិនអោយមន្រ្តីណា មានការពាក់ព័ន្ធ និងអំពើពុករលួយនោះទេ ក្នុងនោះខណ្ឌរដ្ឋបាលជលផល និងមានការយោគយល់ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាក និងគ្មានមុខរបរអ្វីក្រៅពីនេសាទ ដោយ មានការណែនាំ ចង្អុរបង្ហាញ អោយនេសាទ និងប្រើប្រាស់ឧបករណ៍ស្របតាមច្បាប់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ ទាំងអស់អោយយកចិត្តទុកដាក់ ពង្រឹងនូវគុណភាពការងារ អនុវត្តជាប្រចាំ ដើម្បីទប់ស្កាត់ ការកើតឡើងនូវបទល្មើស និងភាពមិន ប្រក្រតីនូវការប្រកបរបរអ្នកធ្វើអជីវកម្ម ផ្សេងៗ អោយស្របតាមវិជ្ជាជីវៈ និងស្របតាមច្បាប់  ដើម្បីចៀសវាង ហេតុកើតឡើងទើបដឹងតាមក្រោយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តសំណូមពរ អោយតាមន្ទីរអង្គភាព ត្រូវឆ្លើយតប ការស្នើសុំរបស់អ្នកសារព័ត៌មាន ដើម្បីចៀសវាង អ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយដោយខុសពីការពិត

( ព័ត៌មាន បឋម)។