រដ្ឋបាលខេត្ដព្រះសីហនុ ដាក់ឱសានវាទ៩០ថ្ងៃឲ្យម្ចាស់អាជីវកម្មទាំងអស់រៀបចំប្រព័ន្ធប្រព្រឹត្ដិកម្មទឹកកខ្វក់ដើម្បីទប់ស្កាត់ទឹកកខ្វក់ហូរចូលសមុទ្រនាំអោយខូចឆ្នេរនិងទឹកសមុទ្រ

0

ព្រះសីហនុ: ដើម្បីធានាឲ្យបាននៅការបង្ហូរទឹកកខ្វក់ ដែលហូរចេញពី សណ្ឋាគារ អាគារស្នាក់នៅរួម បឹងហ្គាឡូ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកំសាន្ដ និងទីតាំងអាជីវកម្មតាមឆ្នេរសមុទ្រ តាមប្រព័ន្ធលូសាធារណៈ តាមប្រឡាយ និងបឹងចូលទៅក្នុងសមុទ្រឲ្យមានសុវត្ថិភាពចៀសវាងការបំពុលនាំអោយប៉ះពាល់បរិស្ថាន ខូចឆ្នេរនិងទឹកសមុទ្រ, រដ្ឋបាលខេត្ដព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់កំណត់ពេលវេលាឲ្យម្ចាស់ទីតាំងទាំងនោះ រៀបចំប្រព័ន្ធប្រព្រឹត្ដិកម្មទឹកកខ្វក់ដោយខ្លួនឯង។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលាខេត្ដព្រះសីហនុ រសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមានអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរដែនដី រួមទាំងម្ចាស់ទីតាំងអាជីវកម្មជាច្រើននាក់ផងដែរ។

ឯកឧត្ដម យន្ដ មីន មានប្រសាសន៍ថា៖ ខេត្ដព្រះសីហនុជាខេត្ដមួយដែលមានសក្ដានុពលខ្លាំង។ ហើយក្នុងរយៈពេល២ឆ្នាំកន្លងមកនេះខេត្ដមានការរីកចំរើនខ្លាំងទាំងផ្នែកសំណង់ និងអ្នកវិនិយោគចម្រុះជាតិសាស្រ្ដ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចរបស់ខេត្ដមានភាពល្អប្រសើរ។ ជាមួយនឹងភាពរីកចំរើនឆាប់រហ័យនេះ ក្នុងនោះការបំពុលបរិស្ថានក៏បានដើរទន្ទឹមគ្នានោះដែរ។ ដូច្នេះហើយបានជារដ្ឋបាលខេត្ដ និងគណៈកម្មាធិការគ្រប់គ្រង់ និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា តែងតែបានផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អ ជាពិសេសឆ្នេរសមុទ្រ ដើម្បីសុខភាព សោភណ្ឌភាព សម្រាប់បន្ដការទាក់ទាញភ្ញៀវទេសចរមកលេងលម្ហែកម្សាន្ដនៅខេត្ដព្រះសីហនុ។

ឯកឧត្ដម បន្ដថា យោងតាមអនុក្រឹត្យលេខ ២៣៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព្រឹត្ដិកម្មទឹកកខ្វក់ និងសជណ លេខ ២៨០ របស់រដ្ឋបាលខេត្ដព្រះសីហនុ ចាប់ពីថ្ងៃនេះតទៅរដ្ឋបាលខេត្ដ ទុករយៈពេល ៩០ថ្ងៃ ដើម្បីឲ្យម្ចាស់អាជីវកម្មទាំងអស់រៀបចំប្រព័ន្ធប្រព្រឹត្ដិកម្មទឹកកខ្វក់តាមការណែនាំរបស់ក្រុមការងារជំនាញខេត្ដ។ ផុតរយៈពេលនេះ បើក្រុមការងារជំនាញខេត្ដចុះពិនិត្យឃើញថាម្ចាស់ទីតាំងអាជីវកម្មណាមួយមិនអនុវត្ដតាមខ្លឹសារសេចក្ដីណែនាំនេះទេ (អនុក្រឹត្យ) រដ្ឋបាលខេត្ដនឹងធ្វើការផាកពិន័យតាមច្បាប់ ក្នុងករណីធ្ងន់ធ្ងរត្រូវដកហូតអាជ្ញាប័ណ្ណអាជីវកម្ម។
ឯកឧត្ដម បញ្ជាក់បន្ថែមថា ចំពោះវិធានការដោះស្រាយបញ្ហានេះអាចសម្រេចទៅបានជោគជ័យ មានពីរ គឺ១.រដ្ឋគិតគូរ(រដ្ឋបាលក្រុង/ខេត្ដ មន្ទីរ អង្គភាព ស្ថាប័នជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត និងបងប្អូនម្ចាស់ទីតាំងអាជីកម្មទាំងអស់ ត្រូវតែទប់ស្កាត់ខ្លួនឯង ដោយកន្លែងអាជីវកម្មនីមួយៗ ត្រូវធ្វើអាងចម្រោះរៀងខ្លួន ដោយចម្រោះរួចហើយទើបអាចបង្ហូរចូលទៅសមុទ្របាន។ សូមបងប្អូន ដែលមកចូលរួមកិច្ចប្រជុំថ្ងៃនេះ ខ្លះក៍ជាម្ចាស់ទីតាំងអាជីវកម្ម ខ្លះក៍ជាតំណាង ត្រូវជួយផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំ និងយកលិខិតជូនដំណឹងនេះ ជូនដល់ម្ចាស់អាជីវកម្មទាំងអស់ឲ្យបានយល់ដឹង ព្រោះក្នុងលិខិតនេះ មានលក្ខណៈបង្គាប់បញ្ជារ បានបញ្ជាក់ពេលវេលាច្បាស់ ដែត្រូវអនុវត្ដកិច្ចការរៀបចំ និងអនុវត្ដច្បាប់ប្រកបដោយប្រសិទ្ធភាព។

លោក គឹម សាន បុគ្គលិកផែ្នកបដិសណ្ឋកិច្ចនៃសណ្ឋាគារហ្គោលដិនស៊ី បានសម្ដែងនូវចំណាប់អារម្មណ៍គាំទ្រនូវខ្លឹមសារសេចក្ដីណែនាំនេះ ព្រោះថាវាមានសារៈសំខាន់ណាស់សម្រាប់ថែរក្សាអនាម័យបរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងលម្ហែកម្សាន្ដ មុជទឹកជ។លេង។

សូមបញ្ជាក់ថា នៅក្នុងអនុក្រឹត្យលេខ ២៣៥ នេះ ក្នុងជំពូកទី៦ ស្ដីពី ទោសប្បញ្ញត្ដិ មាត្រា ៤៤ ចែងថា អាគារអាជីវកម្ម តំបន់រមណីយដ្ឋាន ឬមណ្ឌលកំសាន្ដ ដែលពុំបានធ្វើការបំពាក់ប្រព័ន្ធប្រព្រឹតិ្ដកម្មទឹកកខ្វក់នៅទីតាំងផ្ទាល់ ឬធ្វើការបញ្ចេញទឹកកខ្វក់ចូលប្រព័ន្ធលូ ឬតំបន់ទឹកសាធារណៈ ដែលគុណភាពមិនឆ្លើយតបទៅនឹងស្ដង់ដារបញ្ចេញទឹកកខ្វក់ដូចមានចែងនៅក្នុងបញ្ញត្ដិនៃអនុក្រឹត្យនេះ ត្រូវទទួលទណ្ឌកម្មមួយ ឬច្រើនដូចខាងក្រោមៈ -ការព្រមានជាលាយលក្ខណ៍អក្សរ -ការពិន័យជាប្រាក់ពី ២០០.០០០ (ម្ភៃម៉ឺន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។ -ក្នុងករណីនៅតែបន្ដប្រព្រឹត្ដអំពើល្មើសដដែល ឬពុំព្រមបង់ប្រាក់ពិន័យអន្ដរការណ៍ ត្រូវទទួលការពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល៕
(គេហទំព័ររដ្ឋបាលខេត្ត)