ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបញ្ជាកម្លាំងសមត្ថកិច្ចខេត្ត ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើ៣ទីតាំង រឹបអូសឈើខុសច្បាប់គ្រប់ប្រភេទ បានប្រមាណជិត៥០ម៉ែត្រគូប រួមទាំងសម្ភារៈកែច្នៃឈើជាច្រើនផងនោះទៀត!

0

ដោយ​ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង ទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក ជា ថាវរិទ្ធ បានបញ្ជាកម្លាំងនគរបាលប្រឆាំងបទល្មើស រួមសហការជាមួយមន្ត្រីព្រៃឈើខេត្ត ចុះទៅកាន់ទីដាច់ស្រយាលមួយ ហើយធ្វើការបង្ក្រាបសិប្បកម្មកែច្នៃឈើចំនួន៣ ក្នុងចំណោម២៣ទីតាំង និងរឹបអូសឈើខុសច្បាប់ជាច្រើនប្រភេទ បើតាមការប៉ាន់ប្រមាណមានមិនក្រោមពី៥០ម៉ែត្រគូបត្រីគុណនោះទេ។
ការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើឡើង នៅថ្ងៃទី៧មិថុនាម្សិលមិញ ស្ថិតនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន។ ហើយនៅថ្ងៃទី៨មិថុនានេះ កម្លាំងសមត្ថកិច្ចកំពុងប្រមូលយកឈើ និងសម្ភារៈដែលជាវត្ថុតាងបទល្មើស យកមករក្សាទុកជាសម្បត្តិរដ្ឋ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាប បទល្មើសធនធានធម្មជាតិនោះ គឺមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្ត ដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្ទឹងត្រែង គឺលោក គឹម ហុងសាន ផងនោះដែរ។ សមត្ថកិច្ចនៅគ្រានោះ បានចុះឡោមព័ទ្ធទីតាំងបើកសិប្បកម្មកែច្នៃឈើខុសច្បាប់ បាន៣ទីតាំង ចំណែក រោងសិប្បកម្មចំនួន២០ទៀត ក្រុមឈ្មួញឈើទាំងនោះ ហាក់ដឹងខ្លួនមុន ហើយបាននាំគ្នាដឹកជញ្ជូនឈើ និងសម្ភារៈកែច្នៃឈើ ជម្លៀសយកទៅលាក់ទុកក្នុងព្រៃជ្រៅ ប៉ុន្តែ សមត្ថកិច្ចបានបន្តស្វែងរកឃើញ និងធ្វើការរឹបអូសបានមួយចំនួនថែមទៀត។
សមត្ថកិច្ចនៅក្នុងការបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើនោះ បានបង្ហើបឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើទាំងអស់មាន២៣កន្លែង ត្រូវបានគេសង់នៅក្នុងព្រៃ ព័ទ្ធជុំវិញប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្រែងគរ ប៉ុន្តែ មេប៉ុស្តិ៍នោះហាក់ដូចជាគ្មានចំណាត់ការទាល់តែសោះ។ រីឯការចុះបង្ក្រាបនៅពេលនោះ គឺសមត្ថកិច្ចបានធ្វើឡើងក្រោយទទួលបានបទបញ្ជា ពីអភិបាលរងខេត្ត ទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ នោះមក។
មន្ត្រីដដែលបានបង្ហើបទៀតថា សិប្បកម្មទាំង៣ទីតាំងដែលរងការបង្ក្រាបនោះ មាន១ទីតាំងត្រូវគេស្គាល់ ឈ្មោះ ចែមុំ ដែលគេនិយមហៅថា ចែមុំបាតអាង ប៉ុន្តែ នៅក្នុងពេលចុះបង្ក្រាបនោះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ ព្រោះគេហាក់ដូចជាដឹងខ្លួនមុន ហើយចាកចេញពីទីតាំងបើកសិប្បកម្មកែច្នៃឈើខុសច្បាប់នោះអស់។ ចំណែក វត្ថុតាងបទល្មើសដែលរឹបអូសបាននោះ មានគោយន្តកន្ត្រៃដែលជាមធ្យោបាយ បំរើឲ្យការដឹកជញ្ជូនបទល្មើស ចំនួន៣គ្រឿង ម៉ាស៊ីនតាប់ឈើ១ឈុត រណាវៀល រណាច្រៀកឈើ និងសម្ភារៈកែច្នៃឈើជាទៀតនោះដែរ រីឯឈើដែលរឹបអូសបាននោះវិញ មានឈើធ្នុង ឈើសុក្រំ ឈើកកោះ និងឈើក្រញូងស្វា បើតាមការប៉ាន់ប្រមាណ ឈើទាំង៤ប្រភេទនោះ មានមិនក្រោម៥០ម៉ែត្រគូបត្រីគុណនោះទេ។
មេឃុំស្រែគរ លោក ហ្វឿន ជឿន បានប្រាប់ឲ្យដឹងថា អ្នកដែលមកធ្វើសិប្បកម្មកែច្នៃឈើទាំងនោះ គឺសុទ្ធតែជាអ្នកចំណាកស្រុក មកពីខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តក្រចេះនោះជាដើម ហើយការបង្កើតរោងសិប្បកកម្មទាំងនេះ គ្មានច្បាប់អនុញ្ញាតនោះទេ និងមានលក្ខណៈជាទ្រង់ទ្រាយធំ ក្រោយពេលកែច្នៃរួច ផលិតផលទាំងនោះត្រូវគេដឹកចេញយកទៅលក់នៅខាងក្រៅដែនដីខេត្ត។ ខណៈនេះ កម្លាំងមន្ត្រីព្រៃឈើខេត្ត កំពុងរកមធ្យោបាយ ដើម្បីដឹកជញ្ជូនវត្ថុតាងបទល្មើស ដែលរឹបអូសបាននោះយកទៅរក្សាទុក និងចងក្រងសំណុំឯកសារ បញ្ជូនទៅតុលាការខេត្តនោះហើយ៕