សមត្ថកិច្ចខេត្តព្រះវិហារ បានចុះដកហូតសត្វស្វាជិត១០០ក្បាល ពីប្រជាពលរដ្ឋមួយគ្រូសារ ដែលរងការសង្ស័យថា បានយកសត្វស្វាមកចិញ្ចឹមដោយខុសច្បាប់

0

ព្រះវិហារ: កម្លាំងសមត្ថកិច្ចចម្រុះ របស់រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ បានចុះធ្វើការរឹបអូសយកសត្វស្វាចំនួន៩៥ក្បាលនោះ ដើម្បីនាំយកទៅដោះលែងឲ្យមានសេរីភាពឡើងវិញ។
ប្រតិបត្តិការចុះបង្ក្រាបនោះ បានធ្វើឡើងកាលពីថ្ងៃទី៧មិថុនាម្សិលមិញ នៅលំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
សមត្ថកិច្ចដែលទៅបង្ក្រាបសត្វស្វានោះ បានប្រាប់ឲ្យដឹងថា សត្វស្វាដែលដកហូតបានពីប្រជាពលរដ្ឋនាគ្រានោះ មានចំនួន៩៥ក្បាល សត្វស្វាទាំងនេះ ត្រូវបានគេនាំយកមកចិញ្ចឹមទុកលក់ ដោយគ្មានការអនុញ្ញាត។ រីឯការនាំសត្វព្រៃមកចិញ្ចឹមនោះ ត្រូវបានច្បាប់កម្ពុជាហាមឃាត់ជាដាច់ខាត។
លោកបានបញ្ជាក់ថា សត្វស្វាដែលដកហូតបានទាំង៩៥ក្បាលនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល នាំយកទៅដោះលែងឲ្យរស់រានមានជីវិត នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ស្ត្រីដែលចិញ្ចឹមសត្វស្វាទាំងនេះ ត្រូវបានសមត្ថកិច្ចឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា បញ្ឈប់ការទិញ លក់ និងការចិញ្ចឹមសត្វព្រៃដោយខុសច្បាប់នោះទៀត បើក្នុងករណីមិនរៀងចាលនៅថ្ងៃក្រោយនោះទេ នោះសមត្ថកិច្ចជំនាញនឹងចាត់វិធានការទៅតាមច្បាប់ នោះហើយ៕