ពលរដ្ឋជាង៥០គ្រួសារដែលរស់នៅក្រោយផ្សារផល្លារាត្រីអង្គរ ស្នើរអោយអាជ្ញាធរពន្លឿនបើកផ្លូវចាស់ឡើងវិញ

0

សៀមរាប: ប្រជាពលរដ្ឋជាង៥០គ្រួសារនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានស្នើរអោយអាជ្ញាធរពន្លឿនក្នុងការបើកផ្លូវចាស់ឡើងវិញ បន្ទាប់ពីបុគ្គលម្នាក់ជាអ្នកជំនួញយកផ្លូវនោះធ្វើផ្សាររាត្រីអស់ជាច្រើនឆ្នាំ។ ប្រជាពលរដ្ឋនិយាយថា ចាប់តាំងពីមានការបិទផ្លូវនេះ ពួកគាត់រស់នៅក្នុងការព្រួយបារម្ភពីហានីភ័យផ្សេងៗ។
តំណាងពលរដ្ឋនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបលោក ខៀវ សារិត បានអោយដឹងនៅថ្ងៃនេះថា ផ្លូវនៅក្នុងភូមិនេះជាផ្លូវបុរាណមានប្រវែង៦០ម៉ែត្រ ត្រូវបានបុគ្គលឈ្មោះ ប៉ិល ហូលី ធ្វើរបងផ្លូវបិទតាំងពីឆ្នាំ២០០៣ បើទោះបីពួកគាត់ទាមទារអោយបើកវិញជាច្រើនលើក ក៏មិនព្រមបើលវិញដែរ។ លោកបានបន្ដថា បុគ្គលរូបនោះនៅពេលធ្វើរបងបិទ បានសន្យាជាមួយអាជ្ញាធរថា នឹងបើកវិញបើសិនអាជ្ញាធរត្រូវការអភិវឌ្ឍភូមិ ប៉ុន្ដែមកដល់ពេលនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយនៅតែមិនបើកផ្លូវអោយអ្នកភូមិដើរដដែល។
តំណាងប្រជាពលដ្ឋភូមិស្ទឹ្ងងថ្មីមួយរូបទៀតគឺ អ្នកស្រី ឡៃ ហួរ ។ អ្នកស្រីបានអោយដឹងថា ដីដែលបុគ្គលប៉ិល ហូលី ធ្វើរបងបិទនេះ ពីដើមឡើយជាដីបញ្ចុះសព ដែលគេហៅថា គោកកុមារ សូម្បីតែសពអតីតស្តេចត្រាញ់ខេត្តសៀមរាប លោកដាបឈួន ក៏បញ្ចុះនៅទីនេះដែរ។ អ្នកស្រីបន្តថា ដីនេះកាលពីឆ្នាំ១៩៧៩ មានផ្លូវរទេះទំហំទទឹងប្រវែងបីម៉ែត្រ និងមានអ្នកកាន់កាប់ជាច្រើននាក់មកហើយ ប៉ុន្ដែនៅពេលម្ចាស់ផ្សារផល្លារាត្រីអង្គរ កាន់កាប់ក្រោយធ្វើផ្លូវបិទតែម្ដង។ អ្នកស្រីបានបន្ថែមថា ការបិទផ្លូវនេះ ពួកគាត់ជួបការលំបាក់និងប្រឈនឹងមហានីភ័យផ្សេងៗ ជាពិសេសការជួយសង្គ្រោះអគ្គីភ័យជាដើម។ពួកគាត់អំពាវនាវដល់អាជ្ញាធរខេត្ដជួយពន្លឿនបើកផ្លូវនេះឡើងវិញ ដើម្បីអោយពួកគាត់ងាយស្រួលធ្វើចរាចរណ៍។
បើយោងតាមលិខិតជូនដំណឹងរបស់អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង បានដាក់ឱសានវាទរយៈពេល១៥ថ្ងៃចាប់តាំងពីខែមីនា ឆ្នាំ២០១៨នេះ អោយម្ចាស់ផ្សារផល្លារាត្រីអង្គររុះរើតូបលក់ដូរនៅក្នុងផ្សារ និងបើកផ្លូវដោយខ្លួនឯង ដើម្បីអោយពលរដ្ឋងាយស្រួលធ្វើចរាចរណ៍ ប៉ុន្ដែមកដល់ពេលនេះ ម្ចាស់ផ្សាររាត្រីផល្លាអង្គរនោះមិនអនុវត្ដតាមនោះទេ។ លិខិបានបន្ដទៀតថា បើសិនម្ចាស់ផ្សារមិនអនុវត្ដតាមការជូនដំណឹងនោះទេ អាជ្ញាធរនិងមានវិធានការតាផ្លូវច្បាប់ដោយមិនទទួលត្រូវរាល់ការខូចខាតឡើងយ។
នៅព្រឹកថ្ងៃទី០៨ ខែមិថុនានេះ អ្នកព័ត៌មានបានព្យាយាមទូរសព្ទទាក់ទង លោកប៉ិល ហូលី ដើម្បីសុំការបំភ្លឺ ។ ប៉ុន្តែការហៅទូរសព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
បើទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី០៧មិថុនាកន្លងទៅ អ្នកស្រីភុំ ផល្លា ដែលជាភរិយាលោកប៉ិល ហូលី បានថ្លែងតាមរយៈហ្វេសប៊ុកផេករបស់លោកផែង វណ្ណៈ ថា អ្នកស្រីមិនព្រមរុះរើតូប បើកផ្លូវជាដាច់ខាត។ ហើយពេលនេះអ្នកស្រីក៏បានដាក់ពាក្យតវ៉ាទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ផងដែរ។
បន្ទាប់ពីមានការផ្សាយនេះ នៅថ្ងៃទី០៧ខែមិថុនាដដែល សាលាខេត្តសៀមរាបក៏បានចេញសេចក្តីបំភ្លឺមួយ ដោយឆ្លើយតបទៅនឹងការផ្សាយរបស់លោកផែងវណ្ណៈ។ នៅក្នុងសេចក្តីបំភ្លឺ រដ្ឋបាលខេត្តសៀមរាប បានលើកឡើងថា មិនមែនការរុះរើតូបនោះទេ ប៉ុន្តែជាការរុះរើរបស់ដែលលោកប៉ិល ហូលី ធ្វើបិទផ្លូវជាច្រើនឆ្នាំ៕