រថយន្តកាមរីហើមបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់

0

ខេត្តរតនគិរី÷ រថយន្តកាមរីហើម១គ្រឿងពន្លះម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់នឹងរងរបួសធ្ងន់ម្នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយបោកបកថែមទៀតផងមើលផ្លូវពុំឃើញក៏ជ្រុលចង្កូតទៅបុកម៉ូតូតែម្តង ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុច វាលរំប្លង់ ស្ថិតនៅក្នុងភូមិតងកាម៉ាល ឃំុអូរជំុ ស្រុកអូរជំុ ។

នគរបាលស្រុកអូរជុំ បានឲ្យដឹងថា ជនបង្កឈ្មោះ ស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹង ទីលំនៅបច្ចុប្បន្នភូមិសាទុក ឃំុប៉ូយ ស្រុកអូរជុំ បេីកបររថយន្ត១គ្រឿងម៉ាកកាមារីហេីម សេរីឆ្នាំ95 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B-0362 ។

នគរបាល បន្តថា ជនរងគ្រោះឈ្មោះ ម៉ាង ធន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង (ស្លាប់) មានមុខរបរជានគរបាល នាយរងការិយាល័យ ទីលំនៅបច្ចុប្បន្នភូមិគោក ឃំុល្អក់ ស្រុកអូរជំុ ខេត្តរតនគិរី ជិះម៉ូតូ១គ្រឿង ម៉ាកសុីរុស ពណ៌ខ្មៅ អត់ស្លាកលេខ ។
រីឯប្រពន្ធឈ្មោះ ឡញ រេល អាយុ៤០ឆ្នាំ ជនជាតិទំពួន បានរងរបួសធ្ងន់ បាក់ជេីងម្ខាង ហេីយបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តរតនគីរី ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ ហើយបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជំុ ក្រោមការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

ដោយឡែកមធ្យោបាយទាំងពីគ្រឿង ត្រូវសមត្ថកិច្ច អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជំុដើម្បី រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ: យក្ខឡោម