ជនជាតិវៀតណាមម្នាក់ ប្រមូលផលអនុផលព្រៃឈើត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ

0

ខេត្តរតនគិរី÷ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលស្រុកវើនសៃ នឹងនគរបាលអន្តោប្រវេសន៍ក្រុងបានលុង តាមបទបញ្ជាពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពីបទប្រមូលផលអនុផលព្រៃឈើដោយខុសច្បាប់ ។ការឃាត់ខ្លួនជនជាតិវៀតណាមរូបនេះ ធ្វើឡើងនៅវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិបានប៉ុង ឃុំកាចូន ស្រុកវើនសៃ បន្ទាប់ពីជនជាតិវៀតណាមម្នាក់នេះកំពុងធ្វើសកម្មភាពដើរប្រមូលទិញឈើពីប្រជាពលរដ្ឋនៅក្នុងភូមិ ។

ជនជាតិវៀតណាមរងការចាប់ខ្លួនពីសមត្ថកិច្ចត្រូវបានគេស្គាល់ឈ្មោះ ផាម ថេរគឿង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខc.០០៣១១៦២ មានស្រុកកំណើតខេត្តហាយ ផុង ប្រទេសវៀតណាម ។

ក្រោយការឃាត់ខ្លួនជនជាតិវៀតណាមជាឈ្មួញឈើនោះ បានដកហូតវត្ថុតាងឈើប្រណិតមួយចំនួន មានមុខកាត់ធំៗ ជាច្រើនម៉ែត្រគូបផងដែរ ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកវើនសៃ បានឲ្យដឹងថា ឈ្មួញរូបនេះសកម្មក្នុងការប្រមូលទិញឈើក្នុងភូមិដើម្បីយកទៅលក់នៅប្រទេសវៀតណាម ដោយគ្មានញញើតខ្លាចក្រែងច្បាប់ហាមឃាត់ឬទប់ស្កាត់បទល្មើសព្រៃឈើនោះឡើយ ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះ បានប្រគល់មកស្នងការដ្ឋាននគរបាលខេត្តដើម្បីឃុំខ្លួនជាបណ្ណោះអាសន្នកសាងសំណុំរឿង ។

លោក មឿង ខេម ប្រធានការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើនេះ គឺធ្វើតាមបទបញ្ជាពីលោកព្រះរាជអាជ្ញាឲ្យចុះឃាត់ខ្លួនជនជាតិវៀតណាម ពីបទស្នាក់នៅនឹងប្រមូលទិញផលអនុផលព្រៃឈើខុសច្បាប់ ។

លោកបន្តថា ជនសង្ស័យបាននឹងកំពុងឃុំខ្លួនបណ្ណោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ។

ប្រភពបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាម ជាឈ្មួញឈើម្នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប្រមូលទិញផលអនុផលព្រៃឈើកាលពីឆ្នាំ២០១៧កន្លងទៅ បន្ទាប់មកត្រូវបានដោះលែងវិញឲ្យមានសេរីភាព ។

លោក ជា តារា ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យសារព័ត៌មានដឹងថា ឈើទាំងនោះនៅមិនទាន់ដឹងពីចំនួននឹងទូរលេខនៅឡើយទេ ដោយរងចាំជំនាញរដ្ឋបាលព្រៃឈើមកធ្វើការវាស់វែង ៕ យក្ខឡោម