ឯកឧត្តម​ គួច​ ចំរើន​ ចូលរួម​ផ្សព្វផ្សាយ​ដល់​អ្នក​ទទួល​ការ​ ស្តីពី​និតិវិធី​ និង​គោលការណ៍​សំខាន់ៗ​ អំពី​ការ​អនុវត្តន៍​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៨

0

កំពង់ចាម​:​ ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​នាពេល​​កន្លង​មក​មាន​រឿង​ស្មុគស្មាញ​ជា​ច្រើន​ ក្នុង​នាម​ខ្ញុំ​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ខ្ញុំនឹង​មិន​បណ្តែតបណ្តោយ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​បន្ត​ទៅ​ទៀត​ទេ​ ចាប់​ពី​ពេល​នេះ​តទៅ​សូម​ឲ្យ​ការ​ដេញ​ថ្លៃ​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​​ប្រកួតប្រជែង​​​ ដោយ​សេរី​និង​យុត្តិធម៌​ គឺ​សុំ​កុំឲ្យ​មាន​រឿង​​​បន្ត​ទៀត​ នេះ​ជា​ការ​ថ្លែង​របស់​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ក្នុង​ពិធីសព្វផ្សាយ​ដល់​អ្នក​ទទួល​ការ​ ស្តីពី​និតិវិធី​ និង​គោលការណ៍​សំខាន់ៗ​ អំពី​ការ​អនុវត្តន៍​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ឆ្នាំ​២០១៨។
ដែល​ពិធីនេះ​បាន​ប្រព្រឹត្ត​ឡើង​​ នាព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​ ០២កើត​ ខែ​បឋមសាឍ​ ឆ្នាំ​ច​ សំរិទ្ឋិស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នៅ​សាលប្រជុំ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និង​អ្នក​ទទួល​ការ​ តំណាង​ក្រុមហ៊ុន​ជាច្រើន​ផង​ដែរ​។
ឯកឧត្ដម​ អភិបាលខេត្ត​ បាន​ថ្លែង​ថា​ កន្លង​មក​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ សម្រាប់​ការ​ជួសជុល​ សាងសង់ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ក៏​ដូចជា​ការ​សាងសង់​ផ្លូវ​បេតុង​អារមេ​ ឬ​ការ​ស្តា​ប្រឡាយ​ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​ តែងតែ​មាន​រឿង​បង្ក​ការ​ស្មុគស្មាញ​ជា​ច្រើន​ ដែល​ជា​ការ​ស៊ី​សំណូក​សូកប៉ាន់​ ចែក​លុយ​ទឹកតែ​យ៉ាង​អនាធិបតេយ្យ​ ដូច្នេះ​ចាប់​ពី​ពេល​នេះ​តទៅ​សូម​ឲ្យ​បងប្អូន​អ្នក​ទទួល​ការ​ទាំងអស់​ កុំ​បន្ត​ទៀត​ គឺ​សុំ​ឲ្យ​ចូលរួម​ធ្វើ​ការ​ដេញ​ថ្លៃ​ ​មាន​ការ​​ប្រកួតប្រជែង​ ដោយ​សេរី​និង​យុត្តិធម៌​ និង​មាន​តម្លាភាព​ផង​ដែរ​។
ឯកឧត្ដម​ បាន​សង្កត់​ធ្ងន់ថា​ ចាប់​ពី​ពេល​នេះ​តទៅ​ នឹង​ធ្វើការ​ត្រួតពិនិត្យ​តាម​ប្រតិទិន​ ដើម្បី​មាន​ចំណាត់ការ​ ​លើ​ភាព​មិន​ប្រក្រតី​ណា​មួយ​ ចំពោះ​ការ​ដេញ​ថ្លៃ​ ​ដែល​នៅ​តែ​បន្ត​ការ​ស្មុគស្មាញ​ទៀត​នោះ​ ឯកឧត្តម​ នឹង​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​ចុះ​ជួយ​របស់​មន្ត្រី​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ គឺ​ត្រូវ​ប្រគល់​ឲ្យ​អាជ្ញាធរ​​ស្រុក​ ​ជា​អ្នក​អនុវត្តន៍​ដោយ​ខ្លួន​ឯង​ នូវ​រាល់​គម្រោង​មូលនិធិ​ផ្សេងៗ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផ្ទាល់​​​ ហើយ​ការ​ដេញ​ថ្លៃ​កុំ​ឲ្យ​មាន​ការ​ចែក​លុយ​ទឹកតែ​ទៀត​ បើសិនជា​រក​ឃើញ​ទៀត​នោះ​ នឹង​ត្រូវ​​លប់​គម្រោង​នោះចោល​ ហើយ​ដាក់​ឲ្យ​ដំណើរ​ការ​ដេញ​ថ្លៃ​ជា​ថ្មី​ម្ដង​ទៀត​ពុំខាន​ ដូច្នេះ​សូម​ឲ្យ​​អ្នក​ទទួល​ការ​ទាំងអស់​ ខិតខំ​អនុវត្តន៍​គម្រោង​ឲ្យ​បាន​ជោគជ័យ​គ្រប់​ៗ​គ្នា​ផង​ដែរ​ ៕