ឯក​សណ្ឋាន​ ​១៥​ កំប្លេរ​ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន បំពាក់ជូនប្រជាការពារ​ចំនួនភូមិ​កំពង់​គោ

0

កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានមានប្រសាសន៍ ប្រជាការពារ​គឺជា​កម្លាំង​ស្នូល​ក្នុង​ការ​អនុវត្តន៍​ផ្ទាល់​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ទាំង​៩​ ចំណុច​នៅ​មូលដ្ឋាន​ ​ ប្រជាការពារ​គឺជា​កម្លាំង​ស្ម័គ្រចិត្ត​បម្រើ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ដោយ​គ្មាន​ប្រាក់​បៀវត្ស​ឡើយ​ តែ​បងប្អូន​ពេញចិត្ត​ក្នុង​ការ​បម្រើ​សង្គមជាតិ​ និង​ប្រជាជន​ ។

ប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងគ្រាដែលឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រង​កំពង់ធំ ជាអធិបតីភាព ក្នុងពិធី បំពាក់ឯកសណ្ឋានជូនប្រជាការពារ១៥កំប្លេរ នៅភូមិ​កំពង់​គោ​ នៅរសៀល​ថ្ងៃទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨ ​ពិធីនេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅក្នុង​បរិវេណ​វត្ត​កំពង់​គោ​ ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​គោ​លើ​ ឃុំ​កំពង់​គោ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដែល​មាន​សមាជិក​ចូល​រួម​សរុប​ ១២៥​ នាក់​  ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីតួនាទី របស់ប្រជាការពារ ដែលត្រូវបានអនុវត្ត តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវយកតួនាទីទៅ ប្រព្រឹត្តបទល្មើស គំរាមកំហែង ឬកាងបទល្មើស ដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ ប្រជាការពារ គ្មានសិទ្ធិចាប់បុគ្គលណា ឬកាត់ក្តីជំនួសសមត្ថកិច្ចនោះឡើយ លុះត្រាតែជា បទល្មើសជាក់ស្តែងត្រូវឃាត់ខ្លួនជនបង្ករហេតុ ប្រគល់ជូនសមត្ថកិច្ច និងគ្មានមានសិទ្ធិក្នុងការ ប្រើប្រាស់អាវុធឡើយ និងមិនត្រូវពាក់ឯកសណ្ឋានដែលមាន ស្លាកសញ្ញាជាកងកម្លាំងប្រដាប់អាវុធឡើយ ដែលជា​ហេតុនាំឲ្យមានការយល់ច្រឡំ តែត្រូវសហការជាមួយ សមត្ថកិច្ចជំនាញ បង្ក្រាបបទល្មើស ។

ជាចុងក្រោយ ឯកឧត្តម សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពខេត្ត ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​សហការ​គ្នា​ឲ្យ​បាន​ល្អ​ ក្នុង​ការ​រក្សា​សន្តិសុខ​ សណ្តាប់​ សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន​  ហើយ​នឹង​មេត្តា​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ៗគ្នា​ នៅថ្ងៃ​ទី​២៩​ខែកក្កដា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ​ និង​គោរព​តាម​ការ​អំពាវនាវ​របស់​ព្រះ​មហាក្សត្រ​ដែល​ជា​ទី​គោរព​សក្ការ​នៃយើង​  ។​ ដោយ ប៊ុន រដ្ឋា