អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យប្រជាពលរដ្ឋ​ប្រើចុងប៊ិចកំណត់វាសនាប្រទេស​ជាតិក្នុងពិធីសម្ពោធសាលា​សង្កាត់កំពង់ក្របៅ

0

កំពង់ធំៈ  អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋ ដោយប្រើចុងប៊ិចកំណត់វាសនាប្រទេសជាតិ ក្នុងរយះពេលឆ្នាំម្តង ក្នុងការប្រើសិទ្ធិចូលរួម បោះឆ្នោតនីតិកាលទី៦ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ប្រសាសន៍នេះ ត្រូវបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាសង្កាត់កំពង់ក្របៅ ស្ថិតក្នុងក្រុងស្ទឹង​សែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨។

ពីធីសម្ពោធសាលាសង្កាត់កំពង់ក្របៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងអ្នកមុខ អ្នកការ មន្រ្តីរាជការ ប្រជាពលរដ្ឋ ចូលរួមជាង៣០០នាក់  ដោយយោងតាមរបាយការណ៍ លោក ចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ បានបញ្ជាក់ថា សាលាសង្កាត់បានសាងសង់ នៅថ្ងៃទី ៣០ ខែ​ឧសភា ឆ្នាំ ២០១៧ និងបានសាងសង់រួចជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ ថវិកាក្នុងការចំណាយ នៃការសាងសង់បានមកពី ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយះឯកឧត្តម អភិបាលខេត្តកំពង់ធំ និង ត្រូវបានចំណាយអស់ទឹកប្រាក់ ៣៥.៣៨០ ដុល្លា និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះមន្រ្តីរាជការ អាជ្ញាធរឃុំសង្កាត់ដែលបាន ខិតខំប្រឹងប្រែងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងបានសុំអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋ ចំពោះ មន្រ្តីរាជការ និងកងកម្លាំង ដែលបានខុសឆ្គងដោយចេតនា ឬអចេតនា សូមខន្តីអភ័យទោស ដោយយោង តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងខិតខំកែលំអរមន្រ្តី ថ្នាក់ក្រោមជាតិ ឲ្យមុជទឹក ឆ្លុះកញ្ចក់ ដុះក្អែល និងចំពោះមន្រ្តីណាដែលមិនបានកែលំអរ មិនកែខ្លួននិងត្រូវ វះកាត់សាច់ស្អុយចេញ។

ឯកឧត្តម សុខ លូ បានបន្តថា បងប្អូនឃើញស្រាប់ហើយ ប្រវត្តិសាស្រ្តរបស់ខ្មែរ ជាច្រើនរយឆ្នាំមកហើយ គឺមានសង្រ្គាមជាបន្តបន្ទាប់ អស់ពីជំនាន់មួយទៅជំនាន់មួយ ដោយប្រទេសកម្ពុជាមិនអាចគេចផុតពីភ្លើង សង្គាមបានហើយ តែដោយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រ​ទេសកម្ពុជាមានសន្តិភាពជិត៤០ឆ្នាំមកហើយ និងមានស្ថេរភាពនយោបាយ មកដល់សព្វថ្ងៃនេះ ដូច្នេះ ប្រជាពលរដ្ឋខ្មែរឆ្អែតឆ្អន់និងសង្រ្កាម និងស្អប់ខ្ពើមសង្គ្រាម  និងត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បី បន្តរក្សាសន្តិភាពបន្តទៀត ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ខេត្តកំពង់ធំ មានគម្រោងសាងសង់ រូបសំណាក់ប្រចាំស្រុក ដែលធ្លាប់មាន កេរ្តិ៍ឈ្មោះល្បីល្បាញ ដើម្បីបន្តរក្សាវប្បធម៌ ដូចជាដាវដែកកំពង់ស្វាយ រូបសំណាក់អាចារ្យលាក់ និងរូប​សំណាក់អ្នកតាក្រហមក  នៅតាមទីតាំងដែលបានកំណត់ និងសួនច្បារកំសាន្តតាមបណ្តោយមាត់ស្ទឹងសែន ​ដើម្បីឲ្យបងប្អូនមានកន្លែងសម្រាក់ទស្សនាទេសភាពដងស្ទឹងសែន។ ​ដោយ  ប៊ុន រដ្ឋា​