បុរសម្នាក់ត្រូវជនមិនស្គាល់មុខ យកកាំភ្លើងច្នៃបាញ់ត្រូវចំ ចំនួន៥គ្រាប់តែសំណាងល្អមិនស្លាប់!

0

ព្រះវិហារ: បុរសវ័យ៣៤ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកអាវុធកែច្នៃបាញ់ប្រហាចំ ចំនួន៥គ្រាប់ ខណៈដែលជនរងគ្រោះកំពុងអង្គុយជក់បារី នៅមាត់ជណ្តើរផ្ទះ។

ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង ២០ៈ៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បណ្តាលអោយបុរសឈ្មោះ សែ សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ ដោយសារការបាញ់ប្រហារពីជនមិនស្គាល់មុខ។

បើយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះអោយដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់កំពុងអង្គុយ ជក់បារី នៅមាត់ជណ្តើរផ្ទះ រីឯរូបគាត់ជាប្រពន្ធ និងម្តាយក្មេក កំពុងដេកនៅក្នុងផ្ទះ ស្រាប់តែឮសម្លេង បាញ់ប្រហារ ជាច្រើនគ្រាប់ និងឮសម្លេងប្តីរបស់គាត់ស្រែក ពេលនោះគាត់ចេញទៅមើលក៏ឃើញប្តីរបស់គាត់ត្រូវគ្រាប់កាំភ្លើងពេញខ្លួន ចំនួន៥គ្រាប់ ក្នុងនោះ ២គ្រាប់ចំដើមដៃ ១គ្រាប់ចំគល់(ក) ២គ្រាប់ចំថ្គាម ខាងឆ្វេង តែសំណាងល្អមិនស្លាប់។

សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ដោយយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជារឿងគំនុំ ដែលកន្លងទៅគ្រួសារ របស់ជនរងគ្រោះ ត្រូវបានអ្នកភូមិនៅទីនោះចោទថា “ចេះធ្វើអំពើធ្មប់អាប”។

សមត្ថកិច្ចបន្ថែមទៀតថា កាលពីឆ្នាំមុន ឪពុករបស់ជនរងគ្រោះ ក៏ត្រូវបានបាញ់ សម្លាប់ ដោយជនមិនស្គាល់មុខ ដោយសង្ស័យចោទថា ឪពុករបស់ជនរងគ្រោះខាងលើ ចេះអំពើធ្មប់។

សូមបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ ដើម្បីធ្វើការជួយសង្រ្គោះ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ដើម្បីធ្វើការជួយសង្គ្រោះបន្ត៕សួនលីណា