ពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់នៅក្រោមស្ពានស្រះប៉ោង

0

កំពត៖ បុរសម្នាក់ត្រូវអ្នកដំណើរប្រទះឃើញដេកស្លាប់ផ្កាប់មុខជាមួយនឹងម៉ូតូមួយគ្រឿងក្រោមស្ពានស្រះប៉ោង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ កាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ចំពោះករណីប្រទះសពនៅក្រោមស្ពាននេះដែរ ក៏មានប្រភពអះអាងថា គ្រោះថ្នាក់នេះអាចកើតឡើងក្នុងចន្លោះម៉ោង៧យប់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨ខណៈពេលជនរងគ្រោះជិះម៉ូតូវ៉ាក់អើុជាមួយរថយន្តណាមួយ ទើបជ្រុលទៅធ្លាក់ចូលក្រោមស្ពានបណ្តាលឲ្យស្លាប់គ្មានអ្នកណាដឹងបែបនេះ។
បន្ទាប់ពីប្រទះឃើញសពដូចខាង សមត្ថកិច្ចបានចុះមកត្រួតពិនិត្យ ហើយសន្និដ្ឋានថា បុរសរងគ្រោះនេះស្លាប់ដោយសារជិះម៉ូតូប្រើល្បឿនខ្លាំង លុះមកដល់ចំណុចស្ពានក៏រេចង្កូតធ្លាក់ចូលក្រោមស្ពានទាំងមនុស្ស ទាំងម៉ូតូហើយបោកផ្ទប់ទៅនឹងជញ្ជាំងស្ពាន ស្លាប់ភ្លាមៗដោយគ្មានអ្នកដំណើរណាម្នាក់ដឹងនោះឡើយ ហើយបើតាមគំនូសអាចសន្និដ្ឋានថា បុរសរងគ្រោះជិះម៉ូតូពីត្បូងទៅជើង។
ក្រោយពីប្រទះឃើញសព ក៏មានសាច់ញាតិជនរងគ្រោះបានមកអះអាងថា ជនរងគ្រោះឈ្មោះ អ៊ូ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត(នៅលីវ)មានទីលំនៅក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។សាច់ញាតិបានរៀបរាប់ថា មុនពេលកើតករណីបែបនេះ ជនរងគ្រោះបានជិះម៉ូតូម៉ាកវេវពាក់ស្លាកលេខ ភ្នំពេញ 1L-8189 តែម្នាក់ឯងពីកន្លែងយានដ្ឋានជួសជុលរថយន្តក្នុងខេត្តកំពត កាលពីព្រលប់ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨ បំណងទៅផ្ទះ ហើយតាំងពីនោះមកគឺបាត់ស្រមោលរហូតដល់យប់ជ្រៅទើបបងប្អូន សាច់ញាតិក៏បានទំនាក់ទំនងទៅលេខទូរស័ព្ទស្វែងរកដែរ ប៉ុន្តែតេមិនចូល លុះនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២១ខែមិថុនានេះ ក៏ទទួលដំណឹងថាមានគេប្រទះឃើញមនុស្សស្លាប់នៅក្រោមស្ពានស្រះប៉ោង ក៏មកមើលទើបដឹងថាអ្នកស្លាប់ជាសាច់ញាតិដែលបាត់ខ្លួនកាលពីយប់មិញនោះតែម្តង។
បច្ចុប្បន្នសពបុរសរងគ្រោះ ត្រូវបានសាច់ញាតិដឹកទៅកាន់លំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។