ឧត្តមសេនីយ៍ទោសោម ស៊ុនប្រជាការពារ១២កំប្លេរ វិទ្យុទាក់ទងដៃ១២គ្រឿងជូនប្រជាការពារ ភូមិរលួស

0

កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខប្រជាការពារភូមិ និងបាន បំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១២ កំប្លេរ និងវិទ្យុទាក់ទងដៃ ចំនួន១២គ្រឿង នៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពងធំ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់មកលើបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋ និង​បានជម្រុញឲ្យប្រជាការពារ ដែលជាកម្លាំងសហការពិសេស ជាមួយសមត្ថកិច្ច មូលដ្ឋានចូលរួមគោរព និង អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច ដើម្បីការពារសន្តិសុខ សុវត្តិភាពជូនប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន៕

ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ និងប្រគល់វិទ្យុទាក់ទង មានការចូលរួមពីសំណាក់ អាជ្ញាធរ ភូមិ-ឃុំ អធិការនគរបាលក្រុងស្ទឹងសែន នគរបាលប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ  ដោយមានការសំណូមពរ និងកោតសរសើរ ចំពោះប្រជាការពារ ដែលបាន​ខិតខំប្រឹងប្រែង អនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព  ពីសំណាក់លោក សោម ធី ចៅសង្កាត់ស្រយូវ ផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤  អនុប្រធានគណបញ្ជាការឯកភាព​ខេត្ត​ ផ្តាំផ្ញើរឲ្យប្រជាការពារ អនុវត្តឲ្យបាននូវច្បាប់ ដោយបានបញ្ជាក់ពីតួនាទីរបស់ប្រជាការពារ ទី១ មិនត្រូវ ពាក់ស្លាកសញ្ញាជាកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទី មិនយកតួនាទីទៅប្រព្រឹត្តបទល្មើស និងគំរាម គំហែងប្រជាពលរដ្ឋ ទី៣ ប្រជាការពារពុំមានសិទ្ធិក្នុងការប្រើប្រាស់អាវុធ ទី៤ ប្រជាការពារពុំមានសិទ្ធិចាប់ បុគ្គលណា ដោយការចោទប្រកាន់ ឬកសាងសំណុំរឿងដូចមន្រ្តីនគរបាលយុត្តធម៌នោះឡើយ តែអាចឃាត់ ខ្លួនជនល្មើសក្នុងករណីជាក់ស្តែង ប្រគល់ឲ្យសមត្ថកិច្ច  ទី៥ ប្រជាការពារពុំមានសិទ្ធឃាត់ឃាំងឃុំខ្លួនទុក និងត្រូវរាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន សូមថ្លែងអំណរគុណលោក ឆេង បូរ៉ា នាយទាហានតំបន់សឹក បានឧបត្ថម្ភថវិកាចំនួន ៤៥០,០០០ រៀល សម្រាប់ចែកជូនប្រជាការពារក្នុងម្នាក់ ១០,០០០ រៀល និងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការ ផ្នែកសឹករងក្រុងស្ទឹងសែន បានទិញឯកសណ្ឋាន និងវិទ្យុទាក់ទង     ក្នុងឱកាសនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន ។ ដោយ ប៊ុន  រដ្ឋា