ពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាជូនដល់សិស្សវិទ្យាល័យ អនុវិទ្យាល័យជាង១០០០​នាក់ស្រុកប្រាសាទ​បល្ល័ង្គ

0

កំពង់ធំៈ វិស័យព្រះពុទ្ធសាសនា ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរជាច្រើន​សម័យតាំងពីដូនតា ដែលបានគោរពប្រតិបត្តិតៗគ្នា និងជាសាសនាបង្គោលរបស់ជនជាតិខ្មែរ ដែលមាន​អាយុកាលជាង២៥០០ឆ្នាំ ក្នុងនោះវិស័យព្រះពុទ្ធសាសនា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

ព្រះពុទ្ធសាសនា ត្រូវបានដើរតួនាទីសំខាន់ ក្នុងសម័យតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណា​ចក្រកម្ពុជាបានធ្វើឲ្យមានការរីចំរើនលូតលាស់យ៉ាងលឿនដោយពុទ្ធចក្រនិងអាណាចក្រដើរ​ទទឹមគ្នាបច្ចុប្ប​ន្ន​ពុទ្ធសាសនាត្រូវបានចុះអប់រំសីលធម៌ដល់សិស្សានុសិស្ស តាមបណ្តាវិទ្យាល័យ និងអនុ​វិទ្យាល័យ និងបាន​ផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមបណ្តាញប្រព័ន្ឋផ្សព្វផ្សាយជាច្រើនដូចជា វិទ្យុទូរទស្សន៍ជាដើម ។

ជាកស់ស្តែងសិស្សានុសិស្សវិទ្យាល័យ អនុវិទ្យាល័យជាង១០០០​នាក់ស្រុកប្រាសាទ​បល្ល័ង្គ ត្រូវបានចូលរួម ពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាដោយមាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ  ជាអធិបតីភាពរួមទាំងសម្តេចព្រះសង្ឃឈឹង ប៊ុនឈា មន្រ្តីរាជការចូលរួមយ៉ាង​អធឹកអធ័ម​នៅ​សាលា វិទ្យាល័យស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ថ្លែងអំណរគុណលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យព្រះពុទ្ធសាសនា ព្រមទាំងបានជួយឧបត្ថម្ភទាំងស្រុង នូវ​​កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាដែលបានរៀបចំឡើងចំនួន៣លើកដោយកម្មវិធីនេះពិតជាមាន​សារៈ​ប្រយោជន៍ ចំពោះសិស្សានុសិស្ស និងមន្រ្តីរាជការ កងកម្លាំងប្រជាពលរដ្ឋ និងសូមឲ្យក្មួយៗយកចិត្តទុកដាក់ ស្តាប់នូវសង្ឃដិការរបស់សម្តេចព្រះអង្គមានពុទ្ធដិការអប់រំដល់ក្មួយៗពិតជាមានភ័ពវាសនាណាស់ ដែល​កើត​​មករស់នៅក្រោមប្រទេសមានសន្តិភាព ដែលបានមកដោយការលំបាក ដោយការតស៊ូបូជាសាច់ស្រស់ ឈាមស្រស់របស់ បុព្វបុរសយើង ជាពិសេសសម្តេចជាស៊ីម សម្តេចហេងសំរិន និងសម្តេចហ៊ុន សែន ដែល​បានខំនាំសន្តិភាពមកអោយយើងថ្ងៃនេះ ក្មួយៗទាំងអស់សុទ្ធតែពុំបានឆ្លងកាតរបបយង់ឃ្នង​ប្រល័យពូជ​សាស​ន៍នេះ ប៉ុន្តែក្មួយត្រូវតែរក្សាប្រវត្តដ៏ឈឺចាប់នេះ មិនត្រូវឲ្យវាមកប្តូររបបអតីតកាលម្តងទៀតទេ យើង​ត្រូវខិតខំរក្សាសន្តិភាពបន្តទៀត។

លោកជំទាវ ខៀវស៊ីណា ជាចាន់តូ បានមានប្រសាសន៍ថា ដោយប្រទេសជាតិមានសន្តិភាព បានធ្វើឲ្យប្រ​ទេសជាតិមានការរីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះបើមានសម្តេចហ៊ុនសែន គឺមានសន្តិភាព មានការអភិវឌ្ឍន៍ ដូច្នេះបើក្មួយត្រូវការសន្តិភាព សូមជួយណែនាំពុកម៉ែបងប្អូន ឲ្យបោះឆ្នោតជូនសម្តេចហ៊ុន សែន ដើម្បីឲ្យ​ក្មួយមានឳកាសទៅសិស្សាបន្តទៀត ក្មួយៗបានឃើញស្រាប់ហើយ ប្រទេសកម្ពុជាយើង នៃអតីតកាលកន្លង​មកទោះជាជំនាន់ណាក៏ដោយ គឺពុំមានសន្តិភាពបានយូអង្វែងដូចជំនាន់សម្តេចតេជោ ហ៊ុន សែនឡើយ ។

នៅក្នុងពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្ស ដែលបានផ្តោតលើការ ធ្វើអំពើល្អ និងដឹង​គុណចំពោះបិតាមាតា ប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងជាមនុស្សល្អ ដើម្បីក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃ អនាគត់ មាតាបិតាគឺជាអ្នកមានគុណដ៏ធំធេង ដោយគ្មានគុណណាប្រៀបធៀបបានឡើយ ក្រោយពីសិស្សា នុសិស្សទាំងអស់ បានស្តាប់ការអប់រំរបស់សម្តេចព្រះសង្ឃ បានធ្វើឲ្យពួកគេមានការភ្ញាក់រលឹក នូវកំហុសឆ្គង ចំពោះមាតាបិតា ដែលបានធ្វើឲ្យគាត់ពិបាកចិត្ត មិនស្តាប់បង្គាប់របស់ឳពុកម្តាយ ក្លាយខ្លួនជាកូនដែលប្រ​ព្រឹត្តអំពើអាក្រក់ ដោយសារគិតខុស  បានធ្វើឲ្យសិស្សមួយចំនួនធំ ស្រក់ទឹកភ្នែកដោយទទួលកំហុសរបស់ ខ្លួនដែលបានធ្វើកន្លងមក ចំពោះឳពុកម្តាយ ក្នុងនោះក៏មានការផ្តល់នូវឳវាទណែនាំល្អៗដល់សិស្សតំណាង ឲ្យសិស្សទាំងជាង១០០០នាក់ ឲ្យត្រឡប់ទៅវិញ ក្រាបសំពះសុំខ្មាទោសពីលោកឳពុក អ្នកម្តាយ ហើយធ្វើ ជាកូនល្អរបស់ឳពុកម្តាយជារៀងរហូត។

ដោយ  ប៊ុន ​រដ្ឋា