ថ្ងៃ៧ មករា នៅតែជាស្មារតីនៃការចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ដែលនាំអោយគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជាច្រើនអាណត្តិជាបន្តបន្ទាប់

0

ខេត្តរតនគិរី÷ លោក ផាន់ សុមុនី មានអាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី តំណាងអោយប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិកា ចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនាព្រឹកថ្ងៃទី៧ ខែកក្កដានេះថា ការដែលរូបលោក ក៏ដូចជាសមាជិកដទៃទៀតមកចូលរួមឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃយុទ្ធនាការដំបូងនេះ គឺមកពីរូបលោក និងសមាជិកដទៃទៀត ចងចាំពុំភ្លេចនៃគុណថ្ងៃ៧ មករា ដែលបានរំដោះប្រជាពលរដ្ឋខ្មែរ អោយរួចផុតពីរបបវាលពិឃាដ ខ្មៅងងឹត ដូចគុកឥតជញ្ជាំង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។

ពលរដ្ឋរូបនេះ បានអោយដឹងទៀតថា គុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ពិតជាធំធេងណាស់ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំពុំភ្លេច ជាពិសេសបាននាំអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ រួមទាំងមានការអភិវឌ្ឍប្រទេសជាតិ បានយ៉ាងលឿនឆាប់រហ័សដូចនាពេលបច្ចុប្បន្ននេះ បើទោះបីជាកម្ពុជា ធ្លាប់ជួបសង្គ្រាមនាពេលអតីតកាលក៏ពិតមែន ។

សូមបញ្ជាក់ថា ខេត្តរតនគិរី មានគណបក្សនយោបាយចំនួន ១១ ចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ។ នេះបើតាមការបញ្ជាក់អោយដឹងពីប្រធានគម្មាការរៀបចំការបោះឆ្នោតខេត្តរតនគិរី ។

លោក ប៉ែន ឈុនឌី ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តរតនគិរី បានប្រាប់សារព័ត៌មាន តាម ទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ ខែកក្កដាម្សិលមិញនេះថា សម្រាប់ខេត្តរតនគិរី មានគណបក្សនយោបាយចំនួន ១១ ដែលមកពីគណបក្សផ្សេងៗគ្នា នឹងចូលខ្លួនចូលរួមឃោសនារកសម្លេងឆ្នោត ក្នុងឱកាសយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ។

លោក ប៉ែន ឈុនឌី បានបញ្ជាក់ថា គណបក្សនយោបាយទាំង ១១ ដែលចូលរួមឃោសនារកសម្លេងឆ្នោតនៅក្នុងខេត្តរតនគិរីនេះរួមមាន ១. គណបក្សខ្មែររួបរួមជាតិ ២. គណបក្សសញ្ជាតិកម្ពុជា ៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៤.គណបក្សខ្មែរឈប់ក្រ៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦. គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ ៧. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៨. គណបក្សហ្វុនស៊ីនប៉ិច ៩.គណបក្សឆន្ទៈខ្មែរ ១០. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងទី១១. គណបក្សប្រជាជនកម្ពុជា ។

ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តរតនគិរីរូបនេះ បានអោយទៀតថា ក្នុងចំណោមគណបក្សនយោបាយទាំង ១១ នេះ នឹងធ្វើការឃោសនានៅថ្ងៃផ្សេងៗពីគ្នា ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា គឺនឹងចាប់ផ្តើមធ្វើការឃោសនារកសម្លេងឆ្នោតចំនួន ២ លើក ដោយលើកទី១ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដានេះ និងថ្ងៃបញ្ចប់ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ ដោយគ្រោងនឹងមានសមាជិកចូលរួមសរុបប្រមាណជា ១ ម៉ឺន ២ ពាន់នាក់ ដោយប្រើប្រាស់រថយន្តចំនួន ៣៥០ គ្រឿង និងទោចក្រយានយន្តចំនួន ១.២០០ គ្រឿង ។

លោក ប៉ែន ឈុនឌី បន្ថែមទៀតថា ដោយឡែកចំពោះគណបក្សនយោបាយដទៃផ្សេងទៀតដែលនឹងចូលរួមឃោសនារកសម្លេងឆ្នោតដែរនោះ គឺនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃផ្សេងៗពីគណបក្សនយោបាយដទៃទៀត ដោយពុំឃោសនាប៉ះចំថ្ងៃតែមួយជាមួយគណបក្សផ្សេងៗឯទៀតនោះទេ ជាក់ស្តែងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានប្រកាសប្រាប់ដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី គ្រោងនឹងធ្វើការឃោសនាចំនួន ៤ លើក នៅក្នុងថ្ងៃផ្សេងៗគ្នា ដោយមានសមាជិកចូលរួមសរុបប្រហែលជា ៤០០ នាក់ ប្រើប្រាស់រថយន្តចំនួន ១២ គ្រឿង និងទោចក្រយានយន្តចំនួន ១២០ គ្រឿង ។

ដោយឡែកចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបេតយ្យ រឺហៅកាត់ថា LDP គ្រោងនឹងធ្វើឃោសនាចំនួន ១លើកផងដែរ ដោយមានសមាជិកចូលរួមប្រហែល ៥០ នាក់ ប្រើប្រាស់រថយន្តចំនួន ៣ គ្រឿង និងទោចក្រយានយន្តចំនួន ២០ គ្រឿង៕ ដោយ យក្ខឡោម