ឯកឧត្តម សុខ លូ ជាអធិបតីភាពប្រលែងកូនត្រីពូជជាង៥ម៉ឺនក្បាល ចូលអាងទឹក៦មករា

0

កំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែង សុំឲ្យសមត្ថកិច្ចជំនាញ ខណ្ទរដ្ឋបាលជលផល  ទាំងផ្នែក សង្កាត់ និងអធិការខាងជើងបឹងទន្លេសាប រួមទាំងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍​នេសាទដោយខុសច្បាប់ ជាពិសេសបទល្មើសឆក់ត្រី និងហាមដាច់ខាតការឃុបឃិតគ្នា ប្រព្រឹត្តបទល្មើស ដោយពុំ​មានការលើកលែងជាដាច់ខាត។

ពិធីព្រលែងកូនត្រីពូជជាង ៥ ម៉ឺនក្បាល ចូលអាងទឹកធម្មជាតិ អាងទឹក៦មករា  ត្រូវបានចូលរួម ពីសំណាក់​ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាអធិបតីភាព និងប្រធាន អនុប្រធានមន្រ្តីរាជការជុំវិញខេត្ត​និង​លោ​ក​តា លោកយាយ សិស្សានុសិស្ស​ចូល​រួមជាង២០០០នាក់ ស្ថិតនៅក្នុងភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១២ ខែកក្តដា ឆ្នាំ ២០១៨ ដែលបានចាត់ធ្វើឡើង ដោយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ។

លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា ការព្រលែងកូនត្រីពូជនេះ គឺត្រូវបាប​ចាត់​ធ្វើឡើងលើកទី១៦ ជាក់ស្តែងការព្រលែងត្រីចូលអាងទឹក៦មករា ពេលនេះគឺមានត្រីស្រែ​ចំនួន១០០គ.ក ត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្តែង អន្ទង់ និងកូនត្រីពូជជាង ៥ម៉ឺនក្បាលមានកូនត្រីឆ្ពិន ៤ម៉ឺន​ក្បាលត្រីប្រលូង៥ពាន់ក្បាល ត្រីកាហែរ ៥ពាន់ក្បាល ក្នុងគោលបំណងនៃការព្រលែងត្រីគឺ ដើម្បីបង្កើន​បរិមាណមឆ្ឆាជាតិ ឲ្យកាន់តែសម្បូរត្រី ដែលជា​ប្រយោ​ជន៍ សេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

លោក ធីវ វណ្ណធី បានបញ្ជាក់ពី ប្រវត្តអាងទឹកតាំងក្រសាំង ដែលស្ថិតក្នុងភូមិក្បាលបី ដែលអាចរក្សាទឹក​បាន ៣០ម៉ឺន​ម៉ែត្រ​​គុណ មានទ្វារទឹកចំនួន២កន្លែង សំណង់បង្ហៀរទឹកចំនួន១ អាចស្រោចស្របៀផ្ទៃដីរដូវវស្សា ៩.៨​៦៩ហិចតា និង​ដី​ស្រែប្រាំង ២.០១៩ហិចតា អ្នកទទួលផល១៨ភូមិ មាន៤ឃុំ ប្រជាពលរដ្ឋ១.៤១៨​គ្រួសារ ស្មើរនិង៤.៧៣៦នាក់ ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខេត្តកំពង់ធំ បានមានប្រសាសន៍ថា នេះគឺជាការព្រលែង​កូនត្រីពូជ​លើកទី១៦ នៅក្នុងខេត្តកំពង់ធំ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ជួយគ្នាថែរក្សាមឆ្ឆា​ជាតិ និងដើម្បីជីវភាព​គ្រួសារប្រចាំថ្ងៃរបស់គាត់ និងសូមអំពាវនាវឲ្យ មានការចូលរួមទាំងអស់គ្នា ការពារនិងទប់ស្កាត់ការប្រើ​ប្រាស់ឧបករ​ណ៍ នេសាទត្រីដោយខុសច្បាប់ ដែលត្រូវបានហាមឃាត់ ក្នុងនោះខណ្ទរដ្ឋ​បាលជលផលបាន​ធ្វើការផ្សព្វផ្សាយដល់​សហគមន៍ ពីទោសនៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ បើជន​ណាប្រើប្រាស់គឺត្រូវធ្វើកិច្ចសន្យា ចំពោះមិនមានការាង​ចាល និងចាត់វិធានការតាមច្បាប់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ កុំនេសាទត្រីដោយ​ប្រើ​​ប្រាស់​ឧបករណ៍ដោយខុសច្បាប់ កុំកាប់បំផ្លាញ់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ខាងរដ្ឋបាលជលផលបាន អភិរក្សាត្រីមានសរុប៤៥ សហគមន៍ នឹងសុំឲ្យបងប្អូនចូលរួមបង្ករបង្កើនផល ដាំដំណាំ បន្លែបង្កការ ចិញ្ចឹមសត្វ នៅក្នុង មូលដ្ឋានដើម្បីដោះស្រាយជីវភាពគ្រួសារ និងសូមធ្វើឲ្យក្លាយជាទម្លាប់នៃការចូលចិត្តដាំដុះដើម្បីជីវភាពល្អប្រសើរ  ។ នៅក្នុងឳកាសនជាមួយគ្នានេះដែរ ​ ឯកឧត្តម សុខ លូ បានសុំអភ័យទោសចំពោះការខុសឆ្គង របស់មន្រ្តីមួយចំនួនតូច ដែលកន្លងមកបានធ្វើឲ្យមានការថ្នាំងថ្នាក់ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋបាលភិបាល បានខិត​ខំ​ ថែ​រក្សាសន្តិភាព ស្ថេរភាពនយោបាយ បានយូរអង្វែង និងសូមឲ្យបងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី​២៩ ខែកក្តដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

ដោយ  ប៊ុន  រដ្ឋា