ឧត្តមសេនីយ៍ទោ សោម ស៊ុន បើកកិច្ចប្រជុំប្រគល់ភារកិច្ចសំខាន់ៗដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ មេបញ្ជាការ គ្រប់កងឯកភាព និងស្ថាប័នចំណុះ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសរុបចំនួន ១០២ នាក់ នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០១៨។

បន្ទាប់ពី តាមបណ្ដាស្ថាប័នកងឯកភាពឡើងអានរបាយការណ៍រួចមក ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗដល់កងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ ក្នុងនោះមាន ទី១ ចាត់តាំងកងកម្លាំងសហការការពារឲ្យបាន សន្តិសុខ សុវត្ថិភាព ក្នុងពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោកដែលនឹងប្រារព្ធធ្វើនៅប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ ហើយក៏ត្រូវមានកម្លាំងចូលរួមក្នុងកម្មវិធីនេះចំនួន ១០០ នាក់ ផងដែរ ។

ទី២- ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោត  ដាច់ខាតមិនត្រូវប្រើប្រាស់មធ្យោបាយរបស់អង្គភាពឬរថយន្តដែលមានស្លាកលេខខេមរៈភូមិន្ទចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយជាដាច់ខាត ទី៣- ត្រូវត្រៀមខ្លួននិងឯកសារពាក់ព័ន្ធដើម្បីទៅបោះឆ្នោតឱ្យបានគ្រប់់ៗគ្នា ទី៤- ត្រូវចាត់តាំងប្រចាំការ-ប្រចាំបញ្ជាត្រៀមកម្លាំងចល័តអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងតាមបទបញ្ជារបស់ថ្នាក់លើ ។

ក្នុងឳកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ ដល់កងកម្លាំង និងក្រុមគ្រួសារ ដែលមានបងប្អូន សាច់​ញាតិទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់សិទ្ធិដែលខ្លួនមាន ទៅ​បោះឆ្នោត នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ ២០១៨ ខាងមុខនេះ ដើម្បីជ្រើសរើសតំណាងរាស្រ្ត អណ្ណតិទី៦ ដើម្បីថែរក្សា សន្តិភាព និងការអភិវឌ្ឍន៍ បន្តទៀត ។ដោយ  ប៊ុន  រដ្ឋា