អាជ្ញាធរខេត្តកំពង់ធំរៀបចំក្រុងពាលីសុំសេចក្តីសុខក្នុងពិធីប្រារព្វខួប១ឆ្នាំតំបន់ប្រាសាទសំបូរព្រៃគុគជាសម្បត្តិបេតិកភណ្ទពិភពលោក

0

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងអ្នកមុខអ្នកការ មន្រ្តីរាជការ លោកតា លោកយាយ  បាន​អញ្ជើញតាអាចារ្យ សូត្រមន្តក្រុងពាលី បន់ស្រន់ដល់គុណបារមីទេវតាអរុកអរក្សពីម្ចាស់ទឹកម្ចាស់ដី អ្នកតាព្រៃភ្នំ ដែល​បានថែរក្សាប្រាសាទសំបូរព្រៃគុគ សុំឲ្យមានសេចក្តីសុខ និងទទួលបានជោគជ័យ ក្នុងពិធីប្រារព្វខួបមួយឆ្នាំ បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិកភណ្ទពិភពលោក  ដែលពិធីនេះបានធ្វើឡើងនៅរសៀល ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ ២០១៨ ។

ពិធីសូត្រមន្តក្រុងពាលី បន់ស្រន់ម្ចាស់ទឹកដីនៅក្នុងបរិវេណប្រាសាទសំបូរព្រៃគុគ ត្រូវបានរៀបចំឡើងតាម ទំនាម​ទំលាប់ប្រពៃណីពីបុរាណ ប្រកបដោយភ្លេងពិនពាធ មានបន្លែផ្លែឈើគ្រប់មុខ រួមទាំងភោគផល និងអាហារចំណី រៀប​ចំជាដង្វាយដល់ព្រះបារមីដែលថែរក្សាប្រាងប្រាសាទ ក្នុងនោះគេសង្កេតឃើញមានលោកយាយ លោកតា និងប្រជា​ពលរដ្ឋជាច្រើន ចូលរួមរីករាយអបអរសាទរ ខណៈពេលដែល ​ តំបន់ប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិកភណ្ទ​ពិភព​លោក គរបខួបមួយឆ្នាំ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា តំបន់ប្រាសាទសំបូរព្រៃគុគ បានដាក់ចូល​ជាសម្បត្តិ​បេតិក​ភណ្ទ​ពិភព​លោកនៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ក្នុងរយះពេលមួយឆ្នាំនេះ រាជរដ្ឋាភិបាលនិង​ អាជ្ញាធរសំបូរ​ព្រៃគុគជាអ្នកគ្រប់គ្រងផ្ទាល់ បានយកចិត្តទុកដាក់ថែរក្សាអភិរក្ស  សម្បត្តិបេតិកភណ្ទពិភពលោក គឺជារបស់មនុស្ស​ជាតិទូទៅ ទូទាំងពិភពលោក គឺមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន ដែលមកជួយប្រាសាទសំបូរព្រៃគុគនេះ ហើយឆ្នាំបន្តបន្ទាបើនេះនឹងមានការងារជាច្រើន ដែលត្រូវធ្វើ ដែលមានការចូលរួមពីសហគមអន្តរជាតិ  ចំនែកការ​សម្រួលផ្លូវចូលប្រាសាទគឺស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរសំបូរព្រៃគុគ ការជួសជុលផ្លូវ ឬពង្រីកផ្លូវគឺត្រូវមាន​កិច្ចសហការ ពិភាគក្សាយ៉ាងល្អិតល្អន់ ដោយសារតែតំបន់នេះគឺជាតំបន់ការពារ។

ឯកឧត្តម សុខ លូ  បានបញ្ជាក់ថា ក្រោយពី តំបន់ប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិកភណ្ទ​ពិភព​លោក ភ្ញៀវទេ​ស​ចរណ៍ ជាតិ និងអន្តរជាតិ គឺចាប់ផ្តើមមានកំណើនឡើង ក្នុងនោះខេត្តកំពង់ធំ ធានាសេវាកម្មម្ហូបអាហារ និង​សណ្ឋា​គារ ផ្ទះសំណាក់ការ​ស្នាក់នៅបានគ្រប់គ្រាន់ ហើយនៅពេលអានាគត់អាជ្ញាធរខេត្តកំពង់ធំ និងបង្កើនការទាក់ទាញភ្ញៀវ ទេសចរណ៍មកកំសាន្តច្រើន ដោយសារតែតំបន់ប្រាសាទមានអានាម័យ បរិស្ថានល្អ ត្រជាក់ត្រជុំ និងមិនអោយ​មាន​សំរាម សម្រាប់ជីវភាពបងប្អូនប្រជាពលរដ្ឋ បច្ចុបន្នមានជីវភាពល្អជាងមុន លក់ដាច់ជាងមុន សម្រាប់ការប្រារព្វពិធី​គំរបខួបមួយឆ្នាំនេះ ដែលនឹងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ ២០១៨នេះ គឺនៅតាមបណ្តាវត្តអារាមទាំង​អស់នៅក្នុងខេត្តកំពង់ធំ មានការទូងស្គរ នៅវេលាម៉ោង៩ព្រឹក នឹងមានកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួបមួយឆ្នាំ នៃការដាក់ តំបន់ប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិកភណ្ទ​ពិភព​លោក  និងសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរណ៍ ត្រូវចេះស្រឡាញ់វត្ថុបុរាណ ចូលរួមថែរក្សាអានាម័យ ព្រោះជារបស់យើងទាំងអស់គ្នា។

ដោយ  ប៊ុន  រដ្ឋា