ការ​បើក​សំណើរ​​ពិគ្រោះ​ថ្លៃ​ គម្រោង​សាងសង់​ផ្លូវ​បេតុង​អារមេ​១ខ្សែ​ក្នុង​ស្រុក​កំពង់សៀម​​​​ ហាក់បីជា​មាន​ការ​គ្រោង​ទុក​ជាមុន​

0

កំពង់ចាម​​:​ ការ​បើក​សំណើរ​ពិគ្រោះ​ថ្លៃ​ សម្រាប់​គម្រោង​សាងសង់​ផ្លូវ​បេតុង​អារមេ​១ខ្សែ​ ដែល​មាន​ប្រវែង​២២២ម៉ែត្រ​ របស់​ភូមិ​គង​មហា​ ឃុំ​វិហារ​ធំ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម​ នារសៀល​ថ្ងៃ​ទី​១៦​ ខែកក្កដា​​ ឆ្នាំ​២០១៨នេះ​​​​​ ត្រូវបាន​ដំណើរការ​យ៉ាង​រលូន​ តែ​តម្លៃ​ធ្លាក់​ចុះ​តិចតួច​បំផុត​ ហាក់បីជា​មាន​ការ​គ្រោង​ទុក​ជាមុន​​។
នាឱកាស​នោះ​ដែរ​ លោក​ឃន​ ប្រុស​ នាយក​រដ្ឋបាល​សាលា​ខេត្ត​ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​​​​​ បាន​ស្នើរ​សុំ​ឲ្យ​តំណាង​ក្រុមហ៊ុន​ទទួល​ការ​ទាំង​អស់​ ដែល​មាន​វត្តមាន​ចូលរួម​​ក្នុង​ការ​ពិគ្រោះ​ថ្លៃ​​នេះ​ គឺ​សូម​ឲ្យ​មានការ​ដេញថ្លៃ​ដោយ​សេរី​ ​និងយុត្តិធម៌​​ ជៀសវាង​​ការ​ឃុបឃិត​គ្នា​ ​ក្នុង​រូបភាព​ណាមួយ​ជា​ដាច់ខាត​ ព្រោះ​នេះ​ជា​កញ្ចប់​ថវិកា​របស់​ជាតិ​ ដែល​បាន​ទម្លាក់​ចុះ​មក​ឲ្យ​ស្រុក​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ ដូច្នេះ​ការ​ដេញ​ថ្លៃ​ធ្វើ​យ៉ាងណា​ ​ត្រូវ​ឲ្យ​មាន​តម្លាភាព​ និង​ការ​សាងសង់​ផ្លូវ​ ឲ្យ​​ត្រូវ​តាម​ស្តង់ដារ​ លក្ខណៈ​បច្ចេកទេស​ផង​ដែរ​។
គម្រោង​ដែល​បាន​ដាក់​ឲ្យ​ពិគ្រោះ​ថ្លៃ​ខាងលើ​ គឺ​ជា​ផ្លូវ​បេតុង​អារមេ​ប្រវែង​២២២ម៉ែត្រ​ ទទឹង​៤ម៉ែត្រ​ កម្ពស់​០.១៥​ម៉ែត្រ​ ក្នុង​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​៨៩,៨៦១,៨០០រៀល​ ត្រូវ​បាន​ក្រុម​ហ៊ុន​ ចំនួន​៤​ បាន​ចូលរួម​ធ្វើ​ការ​ដាក់​តម្លៃ​ដេញ​ ចំណែក​ឯ​ក្រុម​ហ៊ុន​ជាច្រើន​​ទៀត​មិន​មាន​វត្តមាន​ចូលរួម​រំខាន​ដូច​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​នោះទេ​​ ដោយ​ក្រុម​ហ៊ុន​ ភិរម្យ​ រចនា​ បាន​ដាក់​តម្លៃ​ទាប​ជាង​គេ​ គឺ​ក្នុង​តម្លៃ​​ទឹកប្រាក់​ចំនួន​៨៦,៦២៣,២០០រៀល​គត់​ ដែល​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​គម្រោង​នេះ។
ទោះជា​យ៉ាងណា​ សំណើរ​ពិគ្រោះ​ថ្លៃ​នេះ​ ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​លទ្ធកម្ម​ស្រុក​ គឺ​លោក​ ប៊ិន​ ឡាដា​ អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កំពង់សៀម​ នឹង​ធ្វើការ​​ប្រជុំ​ពិនិត្យ​ ភាព​ត្រឹមត្រូវ​នៃ​ការ​បំពេញ​សំណើរ​ របស់​ក្រុម​ហ៊ុន​និមួយៗ​ ក្នុង​រយៈ​ពេល​៧ថ្ងៃ​ទៀត​ នឹង​ជូន​ដំណឹង​ពី​លទ្ធផល​សម្រេច​ ដល់​ក្រុម​ហ៊ុន​ទាំង​អស់​បាន​ជ្រាប​នៅពេល​ក្រោយ​។
លោក​ឃន​ ប្រុស​ នាយក​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ បាន​ធ្វើ​ការ​ផ្តាំផ្ញើរ​ដល់​ក្រុម​ហ៊ុន​ណា​មួយ​​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​គម្រោង​​នេះ​ ត្រូវ​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ ផងដែរ​។
សូម​បញ្ជាក់​ផង​ដែរ​ថា​ ដោយសារ​កន្លង​មក​ការ​ដាក់​ដេញ​ថ្លៃ​គម្រោង​ម្តងៗ​ តែងតែ​មាន​ភាព​រញ៉េរញ៉ៃ​ និង​មិន​ប្រក្រតី​ទៀត​នោះ​ ដូច្នេះ​ការ​ដាក់​ពិគ្រោះ​​ថ្លៃ​គម្រោង​ខាងលើនេះ​ ត្រូវ​បាន​ឯកឧត្តម​​អភិបាល​ខេត្តកំពង់ចាម​​ បាន​ដាក់​ឲ្យ​តំណាង​ចុះ​ត្រួតពិនិត្យ​​ សង្កេត​ការ​លទ្ធកម្ម​​ ក្នុង​ការ​ ពិគ្រោះ​​ថ្លៃ​ជាសាធារណៈ​ ដើម្បី​ឲ្យ​ដំណើរ​ការ​ដេញ​ថ្លៃ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​មាន​ភាព​​សុក្រិត​យុត្តិធម៌​ តែ​ទោះជា​យ៉ាងណា​ការ​ពិគ្រោះ​គម្រោង​ខាងលើ​នេះ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ការ​ឃុបឃិត​គ្នាទៀត​ផង​ ដោយ​កន្លង​មក​ការ​ដាក់​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​ មាន​តំណាង​ក្រុមហ៊ុន​ជាច្រើន​បានចូលរួម​ រក​តែ​កន្លែង​ទុក​ឡាន​មិន​បាន​ផង ដោយឡែក​ខុស​គេ​តែ​គម្រោង​មួយ​នេះ​ ដែល​មាន​តែ​ក្រុម​ហ៊ុន​៤មក​ចូលរួម​ ហើយ​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ទាប​បំផុត​ ៕