កូនរៀបចំធ្វើពិធីឡើងផ្ទះ ប្រែក្លាយជាពិធីបុណ្យសពម្តាយទៅវិញ

0

បន្ទាយមានជ័យ: ​ស្ត្រីវ័យ៥១ឆ្នាំម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ដោយឧប្បត្តិហេតុគ្រោះថ្នាក់ខ្សែភ្លើង​ឆក់ ។ហេតុការណ៍នេះបានកើតឡើងនៅចន្លោះវេលាម៉ោង៥ទៅម៉ោង៦ ព្រឹកថ្ងៃ៦កើតខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨ នៅភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
​ប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាបែន បានឲ្យដឹងថា៖ស្ត្រីរងគ្រោះ ឈ្មោះ គង់ ណាគ្រី អាយុ៥១ ឆ្នាំ មានទីលំនៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានក្រោកបោសសំរាម នៅក្នុងរោងពិធីសម្រាប់ទទួលភ្ញៀវ ពេលកំពុងតែបោសបោស គាត់បានឃើញព្រីខ្សែភ្លើងដែលបែក ត្រូវបានគេរុំស្របថង់និងយកស្បៃសម្រាប់ហាលស្រូវមកគ្របពីលើ ជួនជាស្បៃនោះសើមត្រូវទឹកភ្លៀងផងនោះ គាត់បានយកដៃទៅទាញដើម្បីបោសសម្រាមបន្តក៏ឆក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បានស្លាប់តាមខណៈបញ្ជូនទៅមន្ទីរពេទ្យ។
​លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា៖នេះគឺជាឆ្វេសប្រហែស ចំពោះអ្នកតខ្សែភ្លើងឃើញព្រីបែកហើយមិនព្រមផ្លាស់ប្តូរនៅតែយកមកប្រើ ។ក្នុងនោះលោកក៏បានអំពាវនាវ សូមឲ្យបងប្អូនប្រើប្រាស់ប្រព័ន្ធភ្លើងឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសកុំស្តាយព្រីដែលបែកបាក់ហើយត្រូវផ្លាស់ប្តូរចេញជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ។បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានក្រុមការងារ ខ ២៧ ខេត្ត ចុះជួយឃុំនិងភូមិអូរវែងបាននាំយកថវិកានិងសម្ភារៈជួយឧបត្ថម្ភក្នុងកម្មវិធីបុណ្យនោះផងដែរ៕