ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីថានឹងទៅបោះឆ្នោតទាំងអស់គ្នា

0

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋក្នុងឃុំកោះពាក់ ឃុំវើនសៃ និងឃុំប៉ាក់កាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី ថាពួកគាត់នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដោយបងប្អូនប្រជាពលរដ្ឋយល់ឃើញថា គណបក្សប្រជាជនកម្ពុជាឈ្នះ គឺបងប្អូនប្រជាពលរដ្ឋឈ្នះ ពីព្រោះគណបក្សប្រជាជនកើតចេញពីប្រជាជន បម្រើប្រជាជន ដើម្បីប្រជាជន និងប្រទេសជាតិ ។

នេះជាការលើកឡើងរបស់ លោក ចំបង ជ្រី អាយុ ៦៥ឆ្នាំ ជាបងប្អូនជនជាតិដើមភាគតិចគ្រឹង តំណាងអោយប្រជាពលរដ្ឋក្នុងឃុំទាំងបីខាងលើ នៃស្រុកវើនសៃ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្នុងស្រុកកាលពីថ្ងៃទី១៥ ខែកក្កដាម្សិលមិញនេះ ដោយសុំពុំបង្ហាញអត្តសញ្ញាណ ។

ថ្លែងក្នុងឱកាសនោះទៀតដែរ តំណាងប្រជាពលរដ្ឋ ដែលជាបងប្អូនជនជាតិដើមភាគតិចគ្រឹងរូបនោះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ក៏បានសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំទាំងបី នៃស្រុកវើនសៃខាងលើ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្នុងមួយអាណត្តិទៅមួយអាណត្តិ ពិតជាបានខិតខំកំណែទម្រង់ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ន ។

ទន្ទឹមហ្នឹងនោះ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរីរូបនេះ ក៏បានបញ្ជាក់ទៀតថា សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការរកទីផ្សារជូនចំពោះកសិករ ពិតជាត្រូវបានទទួលការយកចិត្តទុកដាក់ខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែងកាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនរោងចក្រដំឡូងមីមកដល់ខេត្តរតនគិរីនេះតែម្តង ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋអោយអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងជាពិសេសបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន
ដើម្បីបន្តការការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

បន្ថែមពីនេះ លោក ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាមគ្គីគ្នាជាធ្លុងមួយ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយកុំចាញ់បោកការញុះញុងពីក្រុមអ្នកនយោបាយ ដែលបម្រើឲ្យនយោបាយបរទេស ៕ យក្ខឡោម