ពលរដ្ឋក្រីក្រ១គ្រួសារ ទទួលបានផ្ទះ១ខ្នងពីឯកឧត្តមស្រីឌឹក និងលោកជំទាវចាន់សាមី!

0

ព្រះវិហារ៖ ផ្ទះឈើមួយខ្នង មានទំហំ5×7ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តា ដែលសាងសង់ដោយក្រុមជាងវិស្វ័កម្ម កងពលធំអន្តរាគមន៍លេខ៣ អស់ថវិការប្រមាណជា(៦.៩៦៧.៥០០៛) បានធ្វើពិធីប្រគល់ជូនគ្រួសារប្អូនប្រុស ប៉ាន ឡន អាយុ៣៣ឆ្នាំ មានកូនចំនួន៤នាក់ ជីវភាពទីទាល់ក្រ ក្រោមវត្តមាន ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក និងលោកជំទាវ ចាន់ សាមីស្រីឌឹក នាព្រឹកថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្រោមការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៑ូ ណារិន ប្រធានក្រុមការងារចុះជួយឃុំ លោកលិញ យ៉ុត លោកវុត តារ៉ា អភិបាលរងស្រុក និងប្រជាពលរដ្ឋប្រមាណជា១០០នាក់។

ឯកឧត្តម អ៑ូ ណារិន ប្រធានក្រុមការងារចុះជួយឃុំរំដោះស្រែ បានបញ្ជាក់ថា ផ្ទះឈើ១ខ្នង ដែលយើងធ្វើពិធីប្រគល់ថ្ងៃនេះ គឺបានមកពីការជួយឧបត្ថម្ភគ្រាំទ្រយ៉ាងពេញទំហឹង របស់ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងឯកឧត្តម អស់លោក មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកជាំក្សាន្ត ទើបធ្វើអោយយើងសម្រាច់បានជ័យជាបន្តបន្ទាប់កន្លងមកនេះ។

លោកសេត សែន មេឃុំរំដោះស្រែ ក៏បានលើកឡើងដែរថា ឃុំរំដោះស្រែមានប្រជាពលរដ្ឋសរុប(៦.១៩៧នាក់) ស្មើនិង(១.៤៥៧ខ្នងផ្ទះ) មានប្រជាពលរដ្ឋក្រីក្រចំនួន(២១៦គ្រួសារ) ក្នុងនោះក្រីក្រប្រភេទ០១ចំនួន(៣៨គ្រួសារ) ក្រីក្រប្រភេទ០២ចំនួន(១៧៨គ្រួសារ) និងស្ត្រីជាមេគ្រួសារមានចំនួន(១៧២គ្រួសារ) ប្រជាពលរដ្ឋនៅក្នុងឃុំរំដោះស្រែ៩០% ប្រកបមុខរបរកសិកម្ម។

មានប្រសាសន៍នាឱកាស់នោះ ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក និងលោកជំទាវ បានអំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ អោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលយើងគិតថា ជាថ្នាក់នាំល្អ ក្នុងការខិតខំពុះពារ រកសុខសន្តិភាពជូនជាតិ និងប្រជាជនខ្មែរយើងគ្រប់ៗរូប។

ជាមួយនិងការប្រគល់ផ្ទះនេះដែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ បាននាំយក នូវថវិការចំនួន៥០ម៉ឺនរៀល រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោគមួយចំនួនធំឧបត្ថម្ភបន្ថែមដល់ប្អូនប្រុសប៉ាន ឡន និងគ្រួសារ។ ក្នុងនោះឯកឧត្តម អ៑ូ ណារិន ប្រធានក្រុមការងារចុះជួយឃុំ ក៏បានជួយឧបត្ថម្ភ សារ៉ុង០១ មុង០២ ថវិការ១០ម៉ឺនរៀល និងលោក វុត តារ៉ា អភិបាលរងស្រុក ឧបត្ថម្ភអង្ករ៥០គីឡូក្រាមដល់គ្រួសារប្អូនប្រុសផងដែរ។

ដោយឡែកប្រជាពលរដ្ឋចំនួន៩០នាក់ ដែលបានអញ្ជើញចូលរួមអបអរសាទរពិធីប្រគល់ផ្ទះជូនប្អូនប្រុស ប៉ាន ឡន និងភរិយា ឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមការងារបានជួយឧបត្ថម្ភក្នុង១នាក់ថវិការ២ម៉ឺនរៀល។

គួរំលឹងផងដែរថា កន្លងមកឯកឧត្តម ស្រី ឌឹក និងលោកជំទាវចាន់ សាមីស្រីឌឹក ព្រមជាមួយក្រុមការងារចុះជួយមូលដ្ឋាន រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងស្រុកជាំក្សាន្ត តែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយទូរគត ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ អោយតែទីណាមានការលំបាក ទីនោះតែងតែមានវត្តមានឯកឧត្តម និងលោកជំទាវ ព្រមជាមួយនឹងក្រុមការងារចុះជួយជាប់ជាប្រចាំ៕សួនលីណា