បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាទំនាស់ដីធ្លីប្រញាប់ដោះស្រាយឲ្យចប់ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ

0

បន្ទាយមានជ័យ៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាទំនាស់ដីធ្លី ត្រូវប្រញាប់ដោះស្រាយឲ្យចប់ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ មានប្រសាសន៍ដូច្នេះ ក្នុងពិធីបើកប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ។
លោកអភិបាលរងខេត្ត បញ្ចាក់ទៀតថា ការដែលលោកជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិប៉ោយក្តឿង ប្រញាប់ដោះស្រាយបញ្ហា ទំនាស់ដីធ្លីឲ្យបានចប់សបគ្រប់ ជាពិសេសបញ្ហាព្រំដីរបស់បងប្អូននោះ គឺដើម្បីចូលរួមផ្តល់ភាពងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនបងប្អូន ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការដែលបងប្អូនត្រូវការ ។ មួយវិញទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានប្លង់ស្លាបមាន់ ឬប្លង់ទន់ផ្សេងៗ ក៏ត្រូវមកបំពេញសំណុំបែបបទដើម្បីធ្វើប្លង់ថ្មីនេះ ព្រោះប្លងថ្មីនេះកំណត់ដោយប្រព័ន្ធធីភីអេស (GPS) ពោលគឺមិនអាចមានការក្លែងបន្លំព្រំដីរបស់បងប្អូនបានឡើយ ។ ហើយពេលធ្វើប័ណ្ណកម្មសិទ្ធដីធ្លីនេះ ក៏មានការបង់ពន្ធនូវចំនួនទឹកប្រាក់តិចតួចចូលរដ្ឋផងដែរ ដូចជា ៖ ដីកសិកម្មជនបទ ១រៀល ក្នុង១ម៉ែត្រការេ, ដីលំនៅដ្ឋានជនបទ ១០រៀល ក្នុង១ម៉ែត្រការេ, ដីទីប្រជុំជនស្រុក ឬដីជាយទីក្រុងប្រជុំជនខេត្ត ២០រៀល ក្នុង១ម៉ែត្រការេ, ដីប្រជុំជនខេត្ត ឬដីជាទីប្រជុំជនរាជធានីភ្នំពេញ ២៥០រៀល ក្នុង១ម៉ែត្រការេ, ដីទីប្រជមជនរាជធានីភ្នំពេញ ៥០០រៀល ក្នុង១ម៉ែត្រការេ, ។
ជាថ្មីម្តងទៀតលោក បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ អង្គការផ្តល់ឥណទាន អាជ្ញាធរមូលដ្ឋាន មេត្តាចូលរួមសហការល្អដើម្បី ជាមួយមន្ត្រីសុរិយោដី និងក្រុមការងារចុះវាស់វែង ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ទាំងគ្នា ។ និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា ៕ ដោយ៖ឃិន គន្ធា