កម្លាំងនគរបាលខេត្តសៀមរាបចុះណែនាំ និងផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដល់អាជីវករ និងម្ចាស់ផ្សារលើធំថ្មី

0

សៀមរាប = នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨:៣០នាទី កម្លាំងនគរបាលការិយាល័យបង្ការពន្លត់ អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចុះរៀបចំសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយពីពិធីបង្កាការពារ គ្រោះអគ្គិភ័យ ដល់អាជីវករ និងម្ចាស់ផ្សារលើធំថ្មីស្ថិតនៅភូមិ ដកពោធ៍ សង្កាត់ស្លក្រាម ក្រុង / ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ខ្ញុំ រួមជាមួយ លោកវរសេនីយ៍ទោ សេន សុវណ្ណនី ប្រធានការិយាល័យជំនាញ បានដឹកនាំកម្លាំង ចុះណែនាំ និងផ្សព្វផ្សាយ ពីវិធានការបង្ការ ទប់ស្កាត់កុំអោយមានគ្រោះអគ្គិភ័យ នៅទីតាំងផ្សារលើធំថ្មី ដោយមានការអនុញាតិលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារុង ស្នងការនគរបាលខេត្តសៀមរាប ដើម្បីចុះពិនិត្យផ្សារលើមានចំនួន តូបសរុបចំនួន១៤០០តូប និងមើលកន្លែងមួយចំនួននៅក្នុងផ្សារ ឃើញថាមានការខ្វះចន្លោះដូចជា ÷ ១-ផ្លូវមានលក្ខណះតូចចង្អៀតពិបាកសម្រាប់រថយន្តអគ្គិភ័យចូលពន្លត់នៅពេលមានហេតុការកើតឡើង។ ២-ម្ចាស់ផ្សារមានការខ្វះចន្លោះរឿងបំពង់ពន្លត់អគ្គិភ័យ ជាក់ស្តែងផ្សារទាំងមូលមានតែ២បំពង់ ប៉ុន្តែបើតាមការសង្កេតអាជីវករក្នុងផ្សារមានប្រើប្រាស់បំពង់ប្រហែល២០% នៃផ្សារទាំងមូល ។ ៣-ម្ចាស់អាជីវករមួយចំនួនមានការធ្វេសប្រហែស ដោយដាក់អំពូលភ្លើងជិតទៅនឹងសំភារះដែលងាយនឹងឆេះ ដូចជា ÷ ដាក់ជាប់នឹងជ័រ ឬក្រណាត់ ជាដើម បញ្ហាទាំងនេះតំម្រូវអោយម្ចាស់ផ្សារណែនាំអាជីវករ អោយបានឆាបដើម្បីអោយពួកគាត់យល់ដឹងពីបញ្ហានេះនិងសំណូមពរអោយម្ចាស់ផ្សារលើធំថ្មី សហការណ៍ ជាមួយការិយាល័យជំនាញបន្ថែមទៀត ព្រមទាំងដាស់តឿនបងប្អូនដែលរស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្នទូទាំងប្រទេស មុននិងចាកចេញពីផ្ទះត្រូវគិតថាតើមានភ្លេចអ្វី ?ដូចជា បិតទឹក បិតតុងតាក់ភ្លើង បិតចង្រ្កានហ្គាស និងធ្យូង បិតទ្វាបង្អូច ពិនិត្យភ្លើងទៀន ធូប ជាមុន។
លោក សេន សុវណ្ណនី ប្រធានការិយាល័យជំនាញ បានលើកឡើងនៅក្នុងអង្គប្រជុំថា ដើម្បីជៀសអោយផុតពីគ្រោះអគ្គិភ័យបាន ម្ចាស់ផ្សារគួរគម្បីពង្រឹងបន្ថែម ពន្យល់ដល់អាជីវករទាំងអស់អោយចេះប្រើ បំពង់ពន្លត់អគ្គិភ័យនិងអោយមានគ្រប់តូបទាំងអស់ ព្រមទាំងសំណូមពរអោយម្ចាស់ផ្សារ បង្កប់ទីបទឹកជុំវិញផ្សារ និង រៀបចំប្រព័ន្ធភ្លើងត្រឹមត្រូវតាមស្ដង់ដា ជួយផ្សាព្វផ្សាយ ពីវិធានការពារ អគ្គិភ័យអោយអាជីវករយល់ដឹងអោយកាន់តែច្បាស់។
លោក ខៀវ មុនី ប្រធានគណះកម្មការផ្សារលើបានទទួលយកនូវការពន្យល់និងវិធានការនៃការផ្សព្វផ្សាយពីបញ្ហាអគ្គិភ័យនេះ ដោយបានបញ្ចាក់ថា ផ្សារលើមានតូបចំនួន១៤០០តូប តាមតូបនីមួយៗ លោកបានណែនាំ អោយទិញបំពង់ពន្លត់អគ្គីភ័យ អោយមានគ្រប់តូប និងមានសន្តិសុខ៨នាក់ ៤នាក់ប្រចាំការពេលថ្ងៃ និង៤នាក់ប្រចាំការពេលយប់ ចំណែកបញ្ហាភ្លើងវិញគឺលោកបានហាមអាជីវករមិនអោយអូសភ្លើងពីផ្ទះចូលមកក្នុងផ្សារឡើយ បើសិនជាមិនស្ដាប់ទេ ពេលដែលមានបញ្ហា អ្នកនោះត្រូវទទួលខុសត្រូវ ព្រោះបញ្ហាដែលប្រឈមខ្លាំងជាងគេគឺបញ្ហាភ្លើងនេះឯង ដូច្នេះខ្ញុំក៏បាន សំណូមពរទៅខាងអគ្គិសនីសុំអោយតភ្លើងជា២ ផ្នែក ខាងក្រៅនិងខាងក្នុងអោយដាច់ដោយឡែក ងាយស្រួលពេលយប់យើងផ្ដាច់ភ្លើងខាងក្នុងផ្សារទាំងអស់ ទុកតែខាងក្រៅ៕ប៊ុនរិទ្ធី