ប្រជាពលរដ្ឋខេត្តកំពតសំណូមពរដល់ ឯកឧត្តម ជាវ តាយ ជួយទប់ស្កាត់សក្មភាពរំលោភយកដីព្រៃលិចធ្វើកម្មសិទ្ធិ

0

ខេត្តកំពត៖ ប្រជាពលរដ្ឋរស់នៅខេត្តកំពត បានសំណូមពរដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ឲ្យជួយទប់ស្កាត់សកម្មភាពចូលទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ឬដីសាធារណ: របស់រដ្ឋ ដែលកំពុងត្រូវបានជនអនាធិបតេយ្យទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិឯកជន។
ប្រជាពលរដ្ឋខេត្តកំពត បានឲ្យដឹងថា សកម្មភាពចូលទន្ទ្រានកាន់កាប់ដីរដ្ឋ របស់ជនខិលខូចមួយចំនួន បានកើតមានអនាធិបតេយ្យ នៅមូលដ្ឋាននេះ ដោយគ្មានការហាមឃាត់។
ពលរដ្ឋបន្តថា ជាក់ស្តែងអាជ្ញារ​ស្ថាប័នពាក់ព័ន្ធខេត្តកំពត នៅមិនមាន​ចំណាត់ការ​ ចំពោះ​បុគ្គល ដែលសង់ផ្ទះរំលោភ​យកដីរដ្ឋ ធ្វើកម្មសិទ្ធិឯកជន មានទីតាំងនៅភូមិសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូនៅឡើយទេ។
ប្រជាពលរដ្ឋបានអះអាងថា រាល់ថ្ងៃនេះបុគ្គល ដែលសង់ផ្ទះនៅលើតំបន់ព្រៃកោងកាងមួយកន្លែង ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ត្រូវគេស្គាល់ថា ជាថៅកែបូមខ្សាច់ រស់នៅខេត្តកំពត ឈ្មោះទិច។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋខេត្តកំពត មានមន្ទឹលថា ទំនងជាឈ្មោះទិច បាន រត់ការបង់លុយកាក់ ទៅឲ្យមន្ត្រីអាជ្ញាធរ មូលដ្ឋាន និងជំនាញពាក់ព័ន្ធមួយចំនួន ហើយមើលទៅ ទើបបានជាបុគ្គល ឈ្មោះទិច ហ៊ានសង់ផ្ទះ នៅលើដីព្រៃលិច ដោយគ្មានការហាមឃាត់បែបនេះ។
ទាក់ទិនបញ្ហានេះ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ មានប្រសាសន៍ថា នឹងឲ្យលោកមេឃុំត្រពាំងសង្កែ ចុះទៅពិនិត្យលើករណីចោទប្រកាន់ឈ្មោះ ទិច ដែលពលរដ្ឋបានសង់សំណង់ នៅលើដីព្រៃលិចទឹក ឬព្រៃកោងកាងនៅមូលដ្ឋានខាងលើ ដើម្បីឈានទៅមានវិធានការតាមផ្លូវច្បាប់បើរកឃើញកំហុសឆ្គង។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅភូមិ ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ បានអំពាវនាវដល់ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត ឲ្យជួយមានចំណាត់ការ ឬបញ្ជូនមន្ត្រីជំនាញចុះពិនិត្យមើលព្រៃលិចទឹកមួយកន្លែង មានទីតាំងនៅភូមិ-ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ឲ្យបានឆាប់ ព្រោះរាល់ថ្ងៃនេះមានបុគ្គលអ្នកមានទ្រព្យ និងមានអំណាច បានចូលទៅទន្ទ្រានកាន់កាប់សង់សំណង់រឹងមាំធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ដោយគ្មានមន្ត្រីជំនាញពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយចេញមុខទប់ស្កាត់ទេ៕