ប្រជាពលរដ្ឋប្រមាណជាង១០គ្រួសារនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពក្រោយទឹកបានលិចផ្ទះរបស់ពួកគាត់..!

0

ខេត្តស្ទឹងត្រែង÷ យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានរងការជន់លិចផ្ទះរបស់ពួកគាត់និងភូមិផ្សេងៗ នៅក្នុងក្រុងកំពុងតែរងនូវការគំរាមកំហែងពីជន់លិចពីទឹកទន្លេក្រោយការបាក់ទំនប់វារីអគ្គីសនី សេពាន សេណាំណយ នៅប្រទេសឡាវ និងទឹកភ្លៀងនារដូវវស្សានេះហើយប្រជាពលរដ្ឋដែលត្រូវបានទឹកចូលធ្វើអោយលិចផ្ទះក៏ត្រូវបានអាជ្ញាធររៀបចំព្រមទាំងជម្លៀសពួកគាត់ទៅកាន់ទីទួលសុវតិ្ថភាពរួចហើយផងដែរ ។

អភិបាលក្រុងស្ទឹងត្រែងត្រែងលោក សាយ កុសល់ បានអោយដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០១៨នេះថា កម្ពស់ទឹកទន្លេមេគង្គនៅព្រឹកនេះមានកម្ពស់១០,៨០មែត្រទៅហើយ វាលើសកម្ពស់កម្រិតប្រកាសអាសន្ន ដែលកម្រិតកំពស់ទឹកត្រូវប្រកាសអាសន្នមានត្រឹមតែ១០,៧០ ។

លោកអភិបាលក្រុងបន្តថា នៅក្នុងក្រុងស្ទឹងត្រែងមានភូមិចំនួន៣ក្នុងសង្កាត់ស្រះឬស្សីគឺភូមិលើ ភូមិថ្មលាត និងភូមិស្រែពោធិ៍ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅភូមិស្រែពោធិ៍ត្រូវទឹកជន់លិចផ្ទះចំនួន១៤គ្រួសារហើយ កម្លាំងអាជ្ញាធរមានឃុំសង្កាត់ក៏បានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពរួចហើយផងដែរ។

លោកអភិបាលក្រុងបានបន្ថែមទៀតថា រហូតមកដល់ពេលនេះនៅក្នុងទឹកដីនៃសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងមានភូមិចំនួន៤គឺភូមិខាំផាន់ ភូមិថ្មី ភូមិហាងខូសួន និងភូមិហាងខូបាន បាននិងកំពុងតែរងការគំរាមកំហែងពីទឹកទន្លេទៅកាន់ផ្ទះរបស់ប្រជាពលរដ្ឋហើយប្រសិនបើទឹកទន្លេនៃខេត្តស្ទឹងត្រែងនៅតែបន្តកើនឡើងទៀតនោះ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបនិងអ្នករស់នៅអមនិងដងទន្លេក្នុងខេត្តស្ទឹងត្រែងអាចនិងប្រឈមការលិចលង់ឬអាចត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពក៏អាចថាបាន ។
ប្រជាពលរដ្ឋដែលរស់នៅភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សីហើយត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបានអោយដឹងថា កម្លាំងអាជ្ញាធរខេត្តក្រុងលោកក៏បានយកចិត្តទុកដាក់ដែរចំពោះគ្រោះមហន្តរាយនេះទឹកលិចទៅលើផ្ទះរបស់ពួកគាត់ដោយក្រុមកម្លាំងអាជ្ញាធរបានអោយឃុំសង្កាត់គ្រប់គ្រងនៅភូមិស្រែពោធិ៍នោះរកទីទួលសុវត្ថិភាពជូនពួកគាត់រស់នៅហើយនិងបានផ្តល់នូវអង្ករនិងកៅស៊ូតង់ទាំង១៤គ្រួសារដែលត្រូវផ្ទះលិចទឹកដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាមនិងតង់កៅស៊ូមួយផងដែរ ។

ក្នុងនោះដែរប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទទួលសុវត្ថិភាពបានអំពាវនាវបន្តទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀតអោយមានការប្រុងប្រយ័ត្នអោយខ្លាំងបំផុតចំពោះអ្នករស់នៅតាមតំបន់ទំនាបដែលងាយអោយរងគ្រោះដោយសារទឹកទន្លេមានកើនឡើងហើយពិសេសនោះត្រូវការពារក្មេងតូចៗ ត្រូវមើលអោយបានម៉ត់ចត់ពួកគាត់កុំអោយទៅលេងទឹក ៕ យក្ខឡោម