មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ បានបន្តនាំយកទៀនព្រះវស្សា​ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តត្រពាំងសង្កែខមររៈសែនជ័យ!

0

ព្រះវិហារ: ទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមជាមួយនិងបច្ច័យជាង២លានរៀល ត្រូវបានឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវចាន់ សាមីស្រីឌឹក ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី នាយទាហាន នាយទាហានរង បានបន្តនាំយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា វត្តត្រពាំងសង្កែខមរៈសែនជ័យ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហា នាព្រឹកថ្ងៃពុធ ០៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ។

ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ មានប្រសាសន៍ថា ទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ​ ដែលនាំយកមកទាំងអស់នេះ គឺដើម្បីរួមចំណែកក្នុងពិធីចូលកាន់ព្រះវស្សា ក៏ដូចជាការចូលរួមប្រតិបត្តិ នូវវិស័យព្រះពុទ្ធសាសនា ក្នុងរយៈពេលដែលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមា នៅតាមទីអារាម ខណៈដែលព្រះសង្ឃទាំងអស់ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅទីណាបាន ដោយរដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ធ្វើអោយពិបាកក្នុងការនិមន្តគោចរបិណ្ឌបាត្រ ដោយគិតចាប់ពីថ្ងៃ១រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក.ព.ស. ២៥៦២ រហូតដល់ថ្ងៃ១៥ កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក.ព.ស. ២៥៦២
ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

ហើយមួយចំណែកទៀត ក៏ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានចែកឋាន ទៅកាន់ឋានបរមសុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធ យុទ្ធមិត្ត យុទ្ធនារី ដែលបានពលីអាយុជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ។ ដើម្បីអោយដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានមកទទួល នូវកុសលផលបុណ្យ ដែលឯកឧត្តម និងលោកជំទាវ បានឧទិសជូននៅថ្ងៃនេះ។

ជាមួយគ្នានោះលោកជំទាវ ក៏បានធ្វើការផ្តាំផ្ញើរទៅដល់ក្រុមការងារជាង ដែលទទួលការជួសជល់កន្លែងបាក់បែកដោយសារខ្យល់កន្ត្រាក់ ធ្វើយ៉ាងណាត្រូវពន្លឿនក្នុងការជួសជល់អោយរួចរាល់ ដើម្បីងាយស្រួលដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយចូលមកធ្វើបុណ្យ។

សូមបញ្ជាក់ថា បច្ច័យដែលនាំយកមកប្រគេនដល់ព្រះសង្ឃសម្រាប់កសាងនាឱកាសនោះមានចំនួន៣៤ម៉ឺនរៀល ទៀនព្រះវស្សាចំនួន១គូរ ស្លាដក១ឈុត ត្រីខ ២យួរ មី២កេស ទឹកក្រូច២យួរ ទឹកបរិសុទ្ធ២យួរ អង្ករ៥បេ ស្មើរ១០០គីឡូក្រាម ប្រេងម៉ាស៑ុត៣០លីត និងប្រគេនបច្ច័យផ្ទាល់ដល់ព្រះសង្ឃចំនួន៤អង្គ ក្នុង១អង្គបច្ច័យ២០ម៉ឺនរៀល ចែកជូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត លោកយាយលោកតា ម្នាក់ៗថវិការ៥ម៉ឺនរៀល សរុបថវិការអស់ចំនួន ២៣៩០០០០៛(ពីលានបីសែនប្រាំបួនម៉ឺនរៀល)៕សួនលីណា