អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលមានប្រវែងជាង ៧០០ម៉ែត្រ

0

សៀមរាប៖ ដោយចរាចរណ៍ ការដឹកជញ្ជូនធំៗលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ផ្លូវស្វាយធំ) ធ្វើឱ្យផ្លូវនេះរងការខូចខាតមួយចំនួនធំ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងផ្តើមការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន។

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលទ្រង់ទ្រាយធំលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលមានទីតាំងផ្លូវបំបែកផ្លូវជាតិលេខ៦ ពីចំណុចផ្សារស្វាយធំខាងកើត កាត់តាមរង្វង់មូលព្រៃគុយទៅដល់ផ្សារព្រះដាក់ដែលមានប្រវែងសរុប៧៥០ម៉ែត្រ ក្រោមថវិកាមូលនិធិប្រចាំឆ្នាំ២០១៨។ គម្រោងជួសជុលនេះ នឹងត្រូវជួសជុលចាក់គ្រឹះឡើងវិញត្រង់ចំណុចដែលខូចខាតខ្លាំង ហើយចាក់បំពេញចំណុចដែលមានក្រហូងតូចធំ ធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវជាតិនេះមានសភាពល្អប្រសើរឡើងវិញ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារនឹងត្រូវចំនាយពេលវេលាអនុវត្តគម្រោងនេះរយៈពេលចំនួន១ខែ។ រីឯការជួសជុលកែលម្អផ្លូវនេះ គឺធ្វើឡើងជាអន្លើរៗទៅតាមស្ថានភាពផ្លូវដែលខូចខាតជាក់ស្តែង។ ម្យ៉ាងទៀតដោយសារសងខាងផ្លូវ ប្រព័ន្ធបង្អូរទឹកត្រូវបានកកស្ទះដោយសារការចាក់ដីលុប និងខ្ពស់ជាងផ្លូវនៅតាមមុខផ្ទះរបស់ប្រជាជនមួយចំនួន បណ្តាលឱ្យផ្លូវរងការខូចខាតមួយកម្រិតថែមទៀត ដូច្នេះជាជំហានបន្ទាប់ក្រុមការងារក៏មានគម្រោងស្តារប្រព័ន្ធបង្ហូរឡើងវិញដើម្បីរំដោះទឹក និងរក្សាគុណភាពផ្លូវ។

លោកបានបញ្ជាក់ថានៅពេលខាងមុខអាជ្ញាធរជាតិអប្សរានឹងមានវិធានការស្តារប្រព័ន្ធបង្ហូរទឹកទាំងអស់នៅតាមផ្លូវដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោយពីបញ្ចប់ការជួសជុលលើកំណាត់ផ្លូវនេះ។ លោកក៏បានសំណូពរដល់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវទាំងអស់មានការយោគយល់ និងចូលរួមសហការដើម្បីថែរក្សាផ្លូវឱ្យស្ថិតនៅគង់វង្សយូរអង្វែង។

គួររំឭកដែរថា ផ្លូវមួយខ្សែរនេះដើមឡើយ គឺជាផ្លូវដី និងបានកែប្រែជាផ្លូវគ្រួសក្រហមតាមរយៈគម្រោង ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការកូរ៉េ ហៅកាត់ថា KOICA។ នៅឆ្នាំ២០០៩ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ដដែល បានកែប្រែផ្លូវនេះមកជាផ្លូវក្រាលកៅស៊ូវិញ ដើម្បីងាយស្រួលដល់ប្រជាជនធ្វើដំណើរឆ្លងកាត់បានប្រសើជាងមុន៕